អាជ្ញាធរមីនស្នើរដ្ឋាភិបាលជប៉ុនជួយជម្រុញការបោសសំអាតគ្រាប់មីនខេត្តពោធិ៍សាត់ (Video Inside)

អាជ្ញាធរមីន បានស្នើសុំឲ្យរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្គភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់គ្រាប់មីន។

ខេត្តពោធិ៍សាត់ គឺជាខេត្តដែលមានសេសសល់ដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនកប់នៅក្នុងដី ដោយសារតែខេត្តនេះ មានទឹកដីមួយផ្នែកជាសំបុកលាក់ខ្លួនរបស់ក្រុមឧទ្ទាមទ័ពព្រៃ និងជាខេត្តដែលតែងមានការវាយប្រហារជាច្រើនញឹកញាប់ក្នុងសម័យកម្ពុជាមានសង្គ្រាមស៊ីវិល។

ទេសរដ្ឋមន្រ្តី លី ធុជ ដែលជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងឳកាសជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនលោកអ៊ូអ៊ីណុ អាត់ស៊ូស្ហ៊ី នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៣ បានស្នើសុំឲ្យ រាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្កភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់មីន។

លោក លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះចំណងទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំមកនេះ និងលោកបានចាត់ទុកជប៉ុន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរស្វែងរកសន្តិភាព និងទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

លោក លី ធុជ បានថ្លែងថាសមិទ្ធផលការងារបោសសម្អាតមីនរយៈពេល ៣០ឆ្នាំ នៅកម្ពុជា គឺមិនអាចខ្វះបានទេពីការចូលរួមគាំទ្រយ៉ាងសកម្មពីប្រទេសជប៉ុន។

លោក អ៊ូអ៊ីណុ អាត់ស៊ូស្ហ៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាង កម្ពុជា-ជប៉ុន ដែលទំនាក់ទំនងនេះបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ ហើយប្រទេសជប៉ុន នៅតែបន្តគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌កម្ពុជា និងបន្តគាំទ្រដល់គម្រោងកម្មវិធីសហប្រតិបត្តិការត្បូង-ត្បូង ជាមួយអង្គភាពស៊ីម៉ាក់ តាមរយៈអង្គការចៃកា ជាពិសេសហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីន នៃប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសដទៃទៀត តាមសំណូមពរជាក់ស្តែង៕

ads banner