បេឡាជាតិរបបសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ដែលបានចុះបញ្ជីជាមួយ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ដូចកម្មករនិយោជិតទូទៅដែលធ្វើការ នៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសផងដែរ។
យោងតាមសេចក្ដីសម្រេចរបស់បេឡាជាតិរបបសន្តិសង្គមស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា បុគ្គលស្វ័យនិយោជន៍ (សំដៅដល់ជនដែលប្រកបការងារ ឬ មុខរបររកចំណូលផ្ទាល់ខ្លួន និងមិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបរ របស់ខ្លួន) ដែលមានអាយុមិនលើសពី៦០ឆ្នាំ។ ពួកគាត់មានសិទ្ធិក្នុងការស្នើសុំចុះបញ្ជី ក្នុងគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនៅប.ស.សបាន។
ក្នុងនោះបុគ្គលស្វ័យនិយោជន៍ ក៏ត្រូវតម្រូវឱ្យភាគទានគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រូវកំណត់ស្មើនឹង ២,៦ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន។

បេឡាជាតិរបបសន្តិសង្គម បានលើកឡើងថា នៅពេលដែលបុគ្គលស្វ័យនិយោជន៍ បានក្លាយជាសមាជិក ប.ស.ស ពួកគាត់នឹងទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ហើយនិងប្រាក់បំណាច់មាតុភាព ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូប.ស.ស។
ប.ស.ស. បន្តថា៖«សម្រាប់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ សមាជិកអាចប្រើប្រាស់សេវានេះបាន លុះត្រាបុគ្គលស្វ័យនិយោជន៍បានបង់ភាគទានឱ្យ ប.ស.ស បានពីរខែជាប់គ្នា។ ចំណែកការទទួលបានប្រាក់បំណាច់មាតុភាព សមាជិកដែលជាស្ដ្រីមានសិទ្ធិទទួលបានប្រាក់នេះ លុះត្រាតែបានបង់ភាគទានឱ្យ ប.ស.ស ចាប់ពី ៩ខែឡើង»។
ជុំវិញរឿងនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានឱ្យដឹងថា នេះជាការសម្រេចថ្មីមួយទៀតរបស់ ប.ស.ស ដែលផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ហើយវាជារឿងល្អសម្រាប់អ្នកដែលប្រកបមុខរបរដែលរកចំណូលខ្លួនឯង ខណៈដែលកម្មវិធីនេះនឹងត្រូវអនុវត្តសាកល្បងជាងមួយឆ្នាំ ដើម្បីធ្វើការវាយតម្លៃចំពោះការចំណាយថវិការដ្ឋតិច ឫក៏ច្រើន។ ក្រៅពីនេះចំពោះកម្មវិធីពីរផ្សេងទៀតដូចជា ហានិភ័យការងារ និងប្រាក់សោធន៍ លោកថា
ប.ស.ស មិនទាន់ដាក់ឱ្យអនុវត្តនោះទេ ប៉ុន្តែ ប.ស.ស នឹងគ្រោងពង្រីកដាក់ឱ្យអនុវត្តកម្មវិធីទាំងពីរនេះដូចគ្នាបន្ទាប់ពីបញ្ចប់ការអនុវត្តសាកល្បងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍។

លោក អាត់ ធន់ បញ្ជាក់ថា៖ «អ៊ីចឹង! នេះជាព័ត៌មានដែលយើងបានធ្វើជុំវិញរឿងហ្នឹង ហើយក្នុងនាមខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប ខ្ញុំនឹងតាមដាន និងធ្វើយ៉ាងណាឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ មានសិទ្ធិប្រើប្រាស់សេវា ប.ស.ស ឫរបបសន្តិសុខសង្គមទាំងអស់គ្នា»។
ដោយឡែក លោក ម៉ាន់ សេងហាក់ ប្រធានសហព័ន្ធសហជីពឥទ្ធិពលការងារ ក៏បានថ្លែងថា ការសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ វាគឺជារឿងល្អសម្រាប់ដែលប្រកបមុខរបរការងារ ឫមុខរបរដែលរកចំណូលផ្ទាល់ខ្លួន។
ប៉ុន្តែលោកថា ចំពោះការអនុវត្តសាកល្បង វាមានន័យថាជាការប្រើប្រាស់បណ្ដោះអាសន្ន ហេតុនេះការផ្ដល់សេវាសុខភាពផ្សេង វាមិនអាចគ្របដណ្ដប់បានទាំងស្រុងឡើយ៕

ដោយ៖ ជា សុខនី