បណ្ឌិត ហ៊ុន ម៉ាណែត ជម្រុញយុវជនបក្សត្រូវវាយបក និងឆ្លើយតបចំពោះឧបាយកលក្រុមជ្រុលនិយម (Video Inside)
បេក្ខជនអនាគតនាយកមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានជម្រុញក្រុមយុវជនបក្សត្រូវចេះវាយបក និងឆ្លើយតបប្រឆាំងនឹងឧបាយកលរបស់ក្រុមជ្រុលនិយម ខណៈដែលក្រុមធ្វើនយោបាយប្រឆាំងនៅតែចិញ្ចឹមគំនិតចង់បំផ្លាញសន្តិភាពរបស់កម្ពុជា។
ប្រសាសន៍បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
ក្រុមធ្វើនយោបាយប្រឆាំងដែលមានមូលដ្ឋាននៅក្រៅស្រុក វេលាចុងក្រោយនេះ បានរៀបចំសេណារីយ៉ូផ្សេងៗ ដែលមានគោលបំណងចង់បំផ្លាញការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ និងការចង់សម្រេចនូវគោលដៅបំផ្លាញសន្តិភាពជាតិ តាមរយៈការបង្កើតចលាចលផ្សេងៗ ដើម្បីនាំប្រទេសធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម។ ក្នុងចំណោមសេរីណារីយ៉ូទុច្ចរិតទាំងនោះ ក៏រួមមានទាំងការញុះញង់ផ្សាយបំភ្លៃការពិតមួលបង្កាច់បង្ខូចដល់ក្រុមគ្រួសាររបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀត។
បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ក្រុមយុវជនបក្សក្នុងខេត្តបន្ទាយមានជ័យនូវកិច្ចការចម្បងចំនួនបីគឺ៖ ទី១. ការពារបក្ស, ការពារសមិទ្ធផល និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយម ដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និងទី៣. ភាពស្មោះត្រង់របស់គណបក្ស តាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ។
លោកបានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេ ចំពោះប្រជាជនដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន, ជារបស់ប្រជាជន និងដើម្បីប្រជាជន។
បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនជាថ្នាលបន្តវេននូវការចូលរួមអនុវត្តភារកិច្ចចំនួនបីផ្សេងទៀត។ ភារកិច្ចទាំងនោះគឺទី១. បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន, ទី២.កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងទី៣. រៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយៗទៀត។