គជបចែកចាយបណ្ណព័ត៌មានជាង៨លានសន្លឹក (Video Inside)
បណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ជាង៨លានសន្លឹក ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ជុំវិញការចែកបណ្ណព័ត៌មានបោះឆ្នោតនេះនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣នេះ។ ការចែកចាយនេះ បានធ្វើរវាងពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា។
បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺជាបណ្ណ ដែលជម្រាបជូនអ្នកបោះឆ្នោតអំពីកាលបរិច្ឆេទ និងទីតាំងការិយាល័យ ដែលពួកពលរដ្ឋ ត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។ បណ្ណបោះឆ្នោតនៅបានប្រាប់ដល់ពលរដ្ឋ ត្រៀមឯកសារជាមុន ដែលមានដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ក្នុងករណីពួកគាត់ពុំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬមិនទាន់បានទទួល, បាត់, ខូច ឬកែតម្រូវ។
យោងតាមគជប, តួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលត្រូវចូលរួម មានជាង ៩លាន ៧សែននាក់, រីឯការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមាន ជាង២ម៉ឺនការិយាល័យ៕