សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដា កាន់តែរំកិលមកកៀកជាលំដាប់។

សេចក្តីរាយការណ៍នៅថ្ងៃទី២២មិថុនានេះ បានបង្ហាញការស្នើសុំ ចូលរួមធ្វើជីវភាពនយោបាយ របស់សកម្មជនគណបក្សភ្លើងទៀន នៅក្នុងរាជធានីភ្នំពេញ, និងខេត្តបាត់ដំបង។

បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ របស់គណបក្សភ្លើងទៀនមណ្ឌលរាជធានីភ្នំពេញឈ្មោះ សូរ្យ រង្សី បាននិយាយផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន និងបានស្នើសុំការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួម ក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះ បានប្រព្រឹត្តខុសនឹងគតិច្បាប់។

ក្រោមការលុះនឹងឧបាយកលពីក្រុមជាមេខ្លោងនៅក្រៅប្រទេស, គណបក្សភ្លើងទៀនបានព្រមានថានឹងធ្វើបាតុកម្មប្រឆាំងតវ៉ាថែមទៀត ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ទៅវិញថា គេនឹងអនុវត្តច្បាប់ចំពោះអំពើរឹងរូសប្រឆាំងនឹងច្បាប់។

ការដើររបស់គណបក្សភ្លើងទៀន ដែលបង្កអំពើញុះញង់ទាំងឡាយនោះហើយ បានធ្វើឱ្យសកម្មជននានា បាននាំគ្នាដើរចេញ ពីគណបក្សភ្លើងទៀន និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សកម្មជនគន្លឹះម្នាក់ទៀតរបស់គណបក្សភ្លើងទៀនឈ្មោះ ហួរ សារ៉ាត់ ដែលជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានថ្លែងពីសហរដ្ឋអាមេរិកបកអាក្រាត នូវអំពីទុច្ចរិតដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំងពិសេសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលកំពុងចង់នាំប្រទេសធ្លាក់ចូលក្នុងចលនាបដិវត្តពណ៌។

ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។

ក្នុងសប្តាហ៍នេះផងដែរសកម្មជនគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន, ខេត្តកំពត, នៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ត្រូវគេឃើញថាបាននាំគ្នាសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ នៅមុនការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឈានមកដល់។

ads banner