ក្រសួងបរិស្ថានបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ (Video Inside)

មន្ត្រីក្រសួងបរិស្ថាន, មន្ត្រីអាជ្ញាធរខេត្ត, ក្រុមអ្នកអភិរក្ស, ប្រជាពលរដ្ឋ និងសិស្សសាលាចំនួនជិត៣០០នាក់ បានដង្ហែក្បួនបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តបាត់ដំបង និងប៉ៃលិន។

យុទ្ធនាការអន្ទាក់សូន្យលើកទី២ គឺជាយុទ្ធនាការក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ដាក់ចាប់សត្វ នៅក្នុងតំបន់ការពារធម្មជាតិ និងជាយុទ្ធនាការ ដែលបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើង ក្នុងចំណោមសាធារណជន។

ពិធីបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តបាត់ដំបង បានធ្វើនៅព្រឹកថ្ងៃទី២២ មិថុនានេះ ដឹកនាំដោយប្រធានយុទ្ធនាការអន្ទាក់សូន្យលោក នេត្រ ភក្ត្រា ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។ យុទ្ធនាការនេះ ត្រូវបានអនុវត្តក្នុងខេត្តចំនួន៥គឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប។

លោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅ បន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ, ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។

លោកបានថ្លែងបន្តថា យុទ្ធនាការនេះ ក៏នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ads banner