២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ១ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ការឆ្លងថ្មី ១ករណី នៅថ្ងៃនេះ ជាតួលេខឆ្លងថយចុះមកវិញចំនួន២ករណីបើប្រៀបធៀបនឹងម្សិលមិញ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧៣៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ១២២ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤៩៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួនតែ ១ករណី ប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៤ម៉ឺន ៩៣៨ករណី, និងការស្លាប់ សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ២០៧នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩០លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕