ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត
ខេត្តក្រចេះ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្សនយោបាយច្រើនចូលរួមនៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។
ឯកឧត្តម បណ្ឌិត បន្តថា ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និងគ្មានអំពើហិង្សា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរប្រមាណជាង ៨០ % នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគណបក្សនយោបាយទាំង ១៧ ក៏មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ទាំងនេះ ពិតជាបានបង្ហាញអំពីភាពចាស់ទុំ និងភាពម្ចាស់ការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការវរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ជំរុញ និងផ្សព្វផ្សាយដល់ប្រជាជនឱ្យចេញទៅបោះឆ្នោតឱ្យបានច្រើនបំផុត ដើម្បីអនុវត្តសិទ្ធិជ្រើសរើសអ្នកដឹកនាំ និងការពារលិទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា និង ខិតខំពន្យល់ និងណែនាំប្រជាជនឱ្យយល់ច្បាស់អំពីវិធីសាស្ត្រក្នុងការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីក្លាយជាសន្លឹកឆ្នោតបានការក្នុងការគាំទ្រគណបក្សដែលខ្លួនពេញចិត្ត ស្របតាមការសម្រេចចិត្តរបស់ខ្លួនក្នុងបន្ទប់សម្ងាត់ ៕
ប្រភព ៖ ក្រុមការងារយុវជនគណបក្សប្រជាជន






