ផ្លូវជាតិលេខ៤៨ តម្លៃជិត ៨០លានដុល្លារ នឹងពន្យារពេលសាងសង់មួយរយៈ

ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បើគិតមកត្រឹមខែមិថុនានេះដំណើរការសាងសង់ផ្លូវជាតិលេខ ៤៨ សម្រេចបាន ៣១,១ភាគរយ ហើយ ខណៈផ្លូវនេះ អាចនឹងត្រូវពន្យារពេលសាងសង់មួយរយៈពេលដោយសារការស្នើសុំពីក្រុមហ៊ុនសាងសង់ ដើម្បីសិក្សាពីផែនការពង្រីកគន្លងផ្លូវបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ។

នេះបើតាមដំណើរចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ របស់ឯកឧត្តម ស៊ុន ចាន់ថុល អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture  កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះឯកឧត្តម ស៊ុន ចាន់ថុល  បានឱ្យដឹងថា ដំណើរការចុះពិនិត្យនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារ ក៏ដូចជាត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ លោកថាក្រុមការងារបច្ចេកទេស ក៏បានធ្វើតេស្តគុណភាពស្រទាប់គ្រឹះផ្លូវ នៅតាមទីតាំងមួយចំនួន ឃើញថាមានភាពល្អប្រសើរ ស្របតាមបទដ្ឋានដែលបានកំណត់។

លោកបានបន្ថែមថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៣១,១ភាគរយ ហើយ តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ ខណៈភាពយឺតយ៉ាវនេះបណ្តាលមកពីបម្រែបម្រួលប្រភេទការងារក្នុងកិច្ចសន្យា កត្តាភូមិសាស្រ្ត និងកត្តាអាកាសធាតុជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា៖«រហូតមកដល់ពេលនេះ ក្រុមការងារសាងសង់មានភាពយឺតយ៉ាវបន្តិច បើប្រៀបធៀបនឹងផែនការចាស់ប្រមាណ២៥ភាគរយ។ ដូច្នេះក្រុមហ៊ុននៅមានការស្នើសុំពន្យាពេលសាងសង់ផ្លូវនេះ ប្រហែលជាអាចរយៈពេល១០ខែ ​១២ខែ ឬ១៤ខែ បន្ថែមទៀត ដើម្បីក្រុមហ៊ុនបំពេញការងារឱ្យបានចប់សព្វគ្រប់»។

ការស្នើសុំពន្យារពេលនេះ ដោយសារមានករណីសមស្របផងដែររួមមាន ការកែប្រែលើផែនការពង្រីកផ្លូវពី២គន្លង ៤គន្លងមានចំនួន៦កន្លែង ដែលត្រូវឱ្យក្រុមហ៊ុនដូរ ហើយយើងក៏បានពិនិត្យឃើញផ្លូវនេះមានកន្លែងមួយចំនួនមានបែកបាក់ និងខូចខាតច្រើនដែលយើងទាមទារត្រូវធ្វើការពង្រីកធ្វើវាឡើងវិញបន្ថែម។  ពិសេសពីត្រង់ចំណុចគល់ស្ពាន រហូតដល់ព្រំដែនកម្ពុជា-ថៃ យើងចង់ឱ្យក្រុមហ៊ុនសិក្សាលើចំនុចទាំងនេះបន្ថែម។ ហេតុនេះ ភាគីពាក់ព័ន្ធ នឹងពិភាក្សាគ្នា ថាតើគួរទុកពេលចំនួនប៉ុន្មាន តាមសំណើរពន្យាពេលរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់បន្ថែមពី ឯកឧត្តម ស៊ុន ចាន់ថុល។

នាឱកាសនោះដែរ បើតាមការអះអាងពី ក្រុមហ៊ុនសាងសង់ បានបញ្ជាក់ថា ភាពយឺតយ៉ាវនៃការសាងសង់ផ្លូវនេះកន្លងមក ដោយសារក្រុមហ៊ុនបានដាក់ចេញនូវផែនការសកម្មភាពអាទិភាពធំៗ ចំនួនបី រួមមាន ទី១ បង្កើនចំនួនក្រុមការងារ ទី២ ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា ក្រុមការងារត្រូវបង្វែរកម្លាំងទៅផ្តោតលើការសាងសង់គ្រឿងបង្គុំស្ពានជំនួសវិញ និងទី៣ ស្តុកទុកនូវសម្ភារចំបាច់ក្នុងការចាក់ក្រាលស្រទាប់កៅស៊ូឱ្យបានរួចរាល់ ត្រៀមសម្រាប់រដូវប្រាំង ដែលមកដល់នាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ផ្លូវជាតិលេខ៤៨ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដែលខ្សែផ្លូវនេះមានប្រវែង ១៤៨ គីឡូម៉ែត្រនេះចាប់ផ្តើម នៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥សង់ទីម៉ែត្រ ដោយអនុវត្តក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារអាមេរិក។ តាមរយៈគម្រោងផ្លូវនេះ រាជរដ្ឋាភិបាលរំពឹងថា នឹងចូលរួមជំរុញការតភ្ជាប់ សម្រួលការដឹកជញ្ជូន និងពង្រីកទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ថៃឱ្យកាន់តែមានសន្ទុះខ្លាំងថែមទៀត៕

អត្ថបទ៖ បូរ ពេជ្រហ្សាលីន

ads banner