លោក ហ៊ី ធារី សកម្មជនបក្សប្រឆាំងប្រចាំប្រទេសថៃសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ហ៊ី ធារី សកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលចាំជួយសមាជិករបស់បក្សប្រឆាំងដែលរត់គេចទៅក្រៅប្រទេស បានសុំការខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្រកន្លងមកដែលជឿតាមការញុះញង់របស់ទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

បើតាមរយៈវីដេអូទទួលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៊ី ធារី បានសារភាពរាល់អ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុសនាពេលកន្លងមក ដោយសារស្ដាប់តាមការណែនាំរបស់ទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដើម្បីរត់គេចទៅកាន់ប្រទេសថៃ ហើយដើម្បីមានឱកាសបានរត់បន្ដទៅកាន់ប្រទេសទីបី។ លោក ហ៊ី ធារី បានបន្តថា តួនាទីនៅពេលរត់គេចទៅកាន់ប្រទេសថៃ ហើយក្រោយទទួលបានកាតពីអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨នោះ ទណ្ឌិត សម រង្ស៊ី បានណែនាំឱ្យលោកជាអ្នកដែលចាំជួយដល់សមាជិកគណបក្សប្រឆាំងផ្សេងទៀត ដែលរត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីបានកាតស្នាក់នៅ មុនចេញទៅប្រទេសទីបី។

លោកបានទទួលស្គាល់នូវអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុស និងសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអាចចូលរួមក្នុងការអភិវឌ្ឍជាតិ ពិសេសអាចជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ តាមដែលអាចធ្វើទៅបាននៅពេលខ្លួនទទួលបានការលើកលែងទោស។

សូមជម្រាបថា ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំងបានសម្រេចចិត្តចូលរួមជ៊ីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ដោយសារតែអស់ជំនឿលើមេដឹកនាំបក្សប្រឆាំងដែលគ្មានគោលការណ៍ច្បាស់ ពោលគឺមានតែការញុះញង់ បញ្ឆេះកំហឹងឱ្យស្អប់រាជរដ្ឋាភិបាល និងបង្កភាពវឹកវរក្នុងសង្គម៕
ដោយ៖ពលជ័យ/វីដេអូ៖ Freshnews

ads banner