កំពង់ធំសម្ពោធទីតាំងដាក់សម្រាមតម្លៃជាង៤លានដុល្លារ (Video Inside)
ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារ នៅក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាមខេត្តកំពង់ធំ ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងធ្វើប្រតិបត្តិការបន្ត ។
ការបុកគ្រឹះកសាងបានចាប់ផ្តើម នៅថ្ងៃទី០៧ កក្កដា ២០២១ និងបានបញ្ចប់ការសាងសង់នៅ ថ្ងៃទី២៨ វិច្ឆិកា ២០២២។
ទីលានទុកដាក់សំរាមលើផ្ទៃដីទំហំ ១៤,៧៣ ហិកតានេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាគម្រោងមួយនៅក្នុងគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ដោយប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤លាន ៦២ម៉ឺន ៩ពាន់ ៣៩៩ដុល្លារអាមេរិក។
យោងតាមផែនការ, រណ្តៅទុកដាក់សម្រាមនេះ នឹងអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩ម៉ឺន ៧ពាន់ ៨៨៦ម៉ែត្រគូប ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣ម៉ឺន៦ពាន់ ៤៧៨នាក់ នៅក្នុង ជុំវិញទីរួមខេត្តកំពង់ធំ៕