៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៣ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ប៉ុន្តែចំនួននៃការឆ្លងបានបន្តថយចុះបន្តិចម្តងពីមួយថ្ងៃពីមួយថ្ងៃ។ ក្នុងនោះប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានករណីឆ្លងថ្មីចំនួន ៣ករណី ដែលជាករណីឆ្លងបានថយចុះមកវិញចំនួន ១០ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ៣ករណីនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ១ករណី, ថ្ងៃអាទិត្យ មាន ១ករណី និងនៅថ្ងៃច័ន្ទនេះ មាន ១ករណីផងដែរ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៨៤៩ករណី ដែលជាតួលេខឆ្លងបន្តថយចុះមថែមទៀតច្រើនដល់ចំនួន ២ពាន់ ៥២០ ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ប្រទេសនៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៥១៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៦នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, និងប្រទេសថៃ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៤ម៉ឺន ៥ពាន់ ៤៣០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ២៥៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩០លាន ករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕

ads banner