សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងការបង្កើតរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ (Video Inside)
កម្ពុជានឹងអាចរៀបចំរាជរដ្ឋាភិបាលថ្មីរបស់ខ្លួន នៅក្នុងរយៈពេល៣៧ថ្ងៃក្រោយថ្ងៃបោះឆ្នោតសកល២៣កក្កដារួចរាល់។
ប្រសាសន៍ប្រមើលទុក នៃការនឹងអាចមានរាជរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៧ខាងមុខនេះ បានធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌នៅថ្ងៃច័ន្ទទី២៦មិថុនា។
សម្តេចតេជោបានថ្លែងថាបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី២៣កក្កដារួចរាល់ និងបើគ្មានអ្វីត្រូវប្តឹងផ្តល់ពីគណបក្សនយោបាយជំទាស់នានានោះទេ, កិច្ចប្រជុំរដ្ឋសភាដែលប្រមូលផ្តុំអ្នកតំណាងរាស្ត្រថ្មីជាប់ឆ្នោត ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រនឹងអាចធ្វើឡើងនៅថ្ងៃទី២៨សីហា និងថ្ងៃទី២៩សីហា នឹងមានការបង្កើតសមាសភាពថ្មីដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧។
ការបោះឆ្នោតថ្ងៃទី២៣កក្កដាគិតត្រឹមថ្ងៃច័ន្ទនេះ នៅសល់រយៈពេល២៧ថ្ងៃទៀត ក្នុងនោះរវាងពីថ្ងៃទី១កក្កដា ដល់២១កក្កដា គឺជាថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត។ ក្រោយថ្ងៃ២៣កក្កដានោះរួច គឺរយៈពេល ៣៧ថ្ងៃក្រោយមកទៀត, រាជរដ្ឋាភិបាលថ្មីនឹងត្រូវបានប្រសូតចេញជារូបរាង បើសិនជាមិនមានឧបសគ្គអ្វីត្រូវដោះស្រាយក្នុងរយៈពេលចន្លោះថ្ងៃទាំងនោះឡើយ។