សម្តេចតេជោព្រមានការបិទបណ្តាញហ្វេសប៊ុកបើសិនជាបង្កភាពរុកគួនក្តៅក្រហាយ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានព្រមាននឹងបិទបណ្តាញហ្វេសប៊ុកមិនឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជាឡើយ បើសិនជាមានការរុកគួន និងបង្កភាពក្តៅក្រហាយ។
ក្រុមធ្វើនយោបាយប្រឆាំង បានព្យាយាមរុកគួនប្តឹងសម្តេចដល់ក្រុមហ៊ុនហ្វេសប៊ុក ដែលសម្រេចបិទបណ្តោះអាសន្ន គណនីហ្វេសប៊ុករបស់សម្តេចរយៈពេល៦ខែ។ ក្រុមហ៊ុនហ្វេសប៊ុកនៅជាមួយគ្នានេះបានធ្វើមិនដឹងមិនឮនូវទង្វើរបស់ក្រុមប្រឆាំង ដែលប្រើប្រាស់ហ្វេសប៊ុក ផ្សាយរារាំងសិទ្ធិប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងគណនីខ្លះត្រូវគេរាយការណ៍ថាបានប្រើសម្តីវាយប្រហារប្រមាថដាក់មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារនូវព័ត៌មានមិនពិតជាច្រើនថែមទៀត ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ុកបែរជាធ្វើគនិងថ្លង់។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងសប្តាហ៍នេះថា សម្តេចបញ្ឈប់ការប្រើប្រាស់ហ្វេសប៊ុកហើយ ប៉ុន្តែនឹងជំនួសមកវិញនូវប្រព័ន្ធតេឡេក្រាម, ប្រព័ន្ធ Tik Tok និងតាមបណ្តាញសង្គមនានាដទៃទៀត។
ការថ្លែងបញ្ជាក់ការបញ្ឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលមានចំនួនអ្នកចុច Like ប្រមាណ១៤ លាននាក់នេះ បាននាំឱ្យក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បង្កើនភាពផ្គើនកាន់តែខ្លាំងថែមទៀតដាក់មកលើសម្តេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករ រោងចក្រក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០មិថុនា, សម្តេចបានព្រមានមនុស្សនៅក្រៅប្រទេសមិនត្រូវផ្គើនលើបញ្ហា ហ្វេសប៊ុកនោះឡើយ។
បណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរការលើកដំបូងតាំងពីឆ្នាំ២០១៥។ បច្ចុប្បន្នបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចមានអ្នក Followers ប្រមាណ១៤លាននាក់ ប៉ុន្តែភាពរុកគូនដែលព្យាយាមចង់បំផ្លាញប្រជាប្រីយ៍ភាពរបស់សម្តេច ដែលហ្វេសប៊ុកមិនអាចគ្រប់គ្រង បានតម្រូវឱ្យសម្តេចត្រូវឈប់ប្រើបណ្តាញសង្គមហ្វេសប៊ុកនោះ ដោយរៀបចំទំនាក់ទំនងជាមួយប្រជាពលរដ្ឋវិញតាមបណ្តាញសង្គម Telegram, Tik Tok, YouTube, Instagram, Twitter និងបណ្តាញសង្គមខ្លះដទៃទៀត។
សម្តេចតេជោបានប្រាប់ប្រជាពលរដ្ឋថា បើចង់ទទួលបានដំណឹងលឿន ពីសម្តេចសូមភ្ជាប់ទំនាក់ទំនងមកបណ្តាញសង្គមទាំងឡាយនេះ។
សម្តេចបានបញ្ជាក់ថាមិនមែនតែបណ្តាញហ្វេសប៊ុកតែមួយដែលអាចភ្ជាប់ទំនាក់ទំនងរបស់សម្តេចជាមួយនឹងប្រជាពលរដ្ឋខ្មែរឡើយ, បណ្តាញសង្គមដទៃទៀតដែលបង្កើតឡើងព្រោងព្រាត ក៏ផ្តល់លទ្ធភាព នៃការភ្ជាប់ទំនាក់ទំនងបានដែរ។