វគ្គហ្វឹកហ្វឺនមួយត្រៀមបំពេញបេសកកម្មអង្គការសហប្រជាជាតិបិទបញ្ចប់ (Video Inside)

វគ្គហ្វឹកហ្វឺនមួយរបស់កងរាជអាវុធហត្ថ ដើម្បីត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣០មិថុនានេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងថាវគ្គហ្វឹកហ្វឺនដែលមានការជួយបង្វឹកពីយោធាចារ្យបារាំង ពិតជាមាន សារៈសំខាន់ណាស់ ក្នុងទិសដៅកសាងពង្រឹងសមត្ថភាពដល់កម្លាំងមួកខៀវកម្ពុជា ដើម្បីបំពេញកាតព្វកិច្ចជាអ្នកអនុវត្តច្បាប់, ជានគរបាលយុត្តិធម៌បង្ក្រាបបទល្មើសផ្សេងៗ ដែលអង្គការសហប្រជាតិប្រគល់ឱ្យ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានកោតសរសើរចំពោះស្ថាប័នចំណុះមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ជាពិសេសវិទ្យាស្ថានហ្វឹកហ្វឺន ដែលជាថ្នាលបណ្តុះបណ្តាលជាបន្តបន្ទាប់ទាំងវគ្គហ្វឹកហ្វឺន ម្ចាស់ការខ្លួនឯង និងវគ្គហ្វឹកហ្វឺនជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីធ្វើនវានុវត្តន៍ ចំណេះដឹង ចំណេះធ្វើ ឆ្លើយតបទៅនឹងការវិវឌ្ឍន៍ នៃស្ថានការណ៍ជាក់ស្តែងលើសកលលោក។

បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានផ្តល់ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសដល់សិក្ខាកាមជាតិ អន្តរជាតិសរុបចំនួន ៥២៥វគ្គ ដែលមានសិក្ខាកាមចំនួន២ម៉ឺន៥ពាន់៣០២នាក់។ ដោយឡែកវគ្គហ្វឹកហ្វឺនដែលបានបញ្ចប់នេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៥នាក់ ក្នុងនោះមានស្ត្រីចំនួន ១៨នាក់ មកពីបណ្តាឯកភាពនានា នៃកងយោធពលខេមរភូមិន្ទ។

ads banner