ប្រធានាធិបតីឥណ្ឌូណេស៊ីផ្តើមទស្សនកិច្ចនៅអូស្ត្រាលី

ស៊ីដនី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានអញ្ជើញទៅដល់អូស្ត្រាលីហើយ ដើម្បីផ្តើមបំពេញទស្សនកិច្ចផ្លូវការ រយៈពេលបីថ្ងៃ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានអញ្ជើញទៅដល់ទីក្រុងស៊ីដនីហើយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។

បើតាមការចេញផ្សាយរបស់ The diplomat ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេស ការផ្លាស់ប្តូរថាមពលកកើតឡើងវិញ ខណៈដែលពួកគេជួបគ្នាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំអូស្ត្រាលី-ឥណ្ឌូនេស៊ី ជាលើកទីប្រាំបី។

ប្រភពបន្តថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំត្រូវបានស្តារឡើងវិញ កាលពីឆ្នាំមុន បន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំដោយសារ COVID-19 នៅពេលដែលលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Albanese បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទ្វេភាគីលើកដំបូងរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រី។

ផ្អែកតាម The diplomat ដដែល លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីធ្លាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុនថា “ខ្ញុំរីករាយក្នុងការស្វាគមន៍មិត្តរបស់ខ្ញុំប្រធានាធិបតី Widodo មកកាន់ប្រទេសអូស្ត្រាលី។ ក្នុងនាមជាប្រទេសជិតខាងបំផុតមួយ អូស្ត្រាលីកំពុងកសាងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយឥណ្ឌូនេស៊ីលើបញ្ហាអាកាសធាតុ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអប់រំ និងបញ្ហាសន្តិសុខក្នុងតំបន់។» ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner