អគ្គស្នងការនគរបាលជាតិ : សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៃការឃោសនារកសំឡេងឆ្នោតដំណើរទៅដោយល្អប្រសើរ
ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ បានបញ្ជាក់ពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ ដំណើរទៅដោយល្អប្រសើរនាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលទាំងនេះមានការចូលរួមដោយផ្ទាល់របស់កម្លាំងនគរបាលគ្រប់គោលដៅទាំងអស់។

ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកោតសសើរកងកម្លាំងមានគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រសភាពការណ៍ និងសហការណ៍គ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យតបតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនទាំងមូល៕


ដោយ:ពលជ័យ