សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)
សកម្មជនគន្លឹះនៃគណបក្សប្រឆាំង បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានចលនាទប់ស្កាត់របស់បណ្តាមេខ្លោងដែលរស់នៅក្រៅប្រទេស។ ការបន្តសុំចូលរួមធ្វើជីវភាពនយោបាយនេះទៀត បានធ្វើឡើងនៅច្រើនថ្ងៃ មុនការបោះឆ្នោតសកលថ្ងៃទី២៣ ខែកក្កដា កាន់តែខិតជិតមកដល់។
សេចក្តីរាយការណ៍នៅថ្ងៃទី១០កក្កដា បានបង្ហាញពីអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ប្រចាំខេត្តសៀមរាប ចំនួន ៦រូប នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញវីដេអូស្នើសូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មជនគន្លឹះទាំង៦នោះរួម រួមមានឈ្មោះ អ៊ុំ សុផាត, ជួប សម័យ, ហោ វុត្ថា, ស៊ិន ម៉េង, សួង កី និង ស្ងួន សេងហាក់ បានស្នើសុំរកការចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈដំណាក់កាលឃោសនាបោះឆ្នោតកំពុងតែប្រព្រឹត្តទៅ។
ខែមេសា, ខែឧសភា, ខែមិថុនា និងខែកក្កដានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាព នយោបាយជាច្រើនពីសកម្មជនទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់បានចូលរួមធ្វើសកម្មភាព បំរើគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គម បញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ ពេលនេះបានរងនឹងភាពថ្លាមកវិញហើយ»។