ពលរដ្ឋជប៉ុនតវ៉ាប្រឆាំងនឹងគម្រោងបញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ ចូលសមុទ្រ
តូក្យូ៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីពេលថ្មីៗនេះ បានអនុម័តលើផែនការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកដែលត្រូវបានចម្រោះចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា។ ប៉ុន្តែផែនការនេះបានបង្កឱ្យមានការព្រួយបារម្ភពីបណ្ដាប្រទេសក្បែរខាងមួយចំនួនដូចជាចិន និងបង្កឱ្យមានបាតុកកម្មតវ៉ានៅកូរ៉េខាងត្បូង។
ក្រុមអ្នកតវ៉ាជាច្រើននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ក្នុងទីក្រុងតូក្យូ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។
អ្នកតវ៉ាម្នាក់បាននិយាយថា ទឹកសំណល់ដែលរដ្ឋាភិបាលហៅវាថា ទឹកដែលបានចម្រោះរួចក៏ដោយ ប៉ុន្តែយើងមិនគិតថា រាល់ការបំពុលត្រូវបានដកចេញទេ ដូច្នេះហើយបានជាពួកយើងប្រឆាំងនឹងការបញ្ចេញវាចូលទៅក្នុងសមុទ្រ។របាយការណ៍របស់ IAEA ពិតជាមានភាពមិនច្បាស់លាស់ ហើយខ្ញុំគិតថា ទឹកទាំងនោះ គឺនៅតែឆ្ងាយពីសុវត្ថិភាពណាស់។
អ្នកតវ៉ាម្នាក់ទៀតក៏បាននិយាយដែរថា ការបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺជារឿងមិនអាចនឹកស្មានដល់… ខ្ញុំចង់បញ្ឈប់វាទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះហើយបានជាខ្ញុំចូលរួមក្នុងបាតុកម្មនេះក្នុងនាមជាពលរដ្ឋជប៉ុន។ យើងត្រូវតែប្រឆាំងដាច់ខាតចំពោះការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ… ការបញ្ចេញទឹកសំណល់នឹងបំពុលភពផែនដី ហើយវាជារឿងមិនអាចអត់ឱនឱ្យបានទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

