គ.ជ.ប៖ អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់
ភ្នំពេញ៖ អ្នកណែនាំប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោតនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ៕
គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។
មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖
-ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។
-ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
-ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត
ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
ផ្ទុយទៅវិញ គជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើម ទុច្ចរិតរប អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។
គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕

