ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាការងារធំតូចជាមួយថ្នាក់លើ និងដៃគូជំនួញរបស់នេះ។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការចរចា ដោយរួមទាំងការសុំបញ្ចុះតម្លៃទំនិញផ្សេងៗផង។ ភាពជោគជ័យក្នុងពេលនេះ លោកអ្នកអាចគ្រប់គ្រងបានដោយសមត្ថភាពរបស់ខ្លួន ប៉ុន្តែក៏សូមសម្តែងគំនិតយោបល់របស់អ្នកឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវស្វែងយល់ពីទឹកចិត្តរបស់មនុស្សដែលអ្នកកំពុងប្រាស្រ័យទាក់ទងផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់ការចាកចេញ និងការទទួលបានឳកាសថ្មីៗ។ ក្រៅពីនេះសូមហាមជាដាច់ខាត ការនិយាយស្តីក្រោយខ្នងអ្នកដទៃ ពីព្រោះអាកប្បកិរិយារបស់អ្នកកំពុងស្ថិតក្រោមការវាយតម្លៃ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ក្នុងនោះប្រការចាំបាច់បំផុតដែលអ្នកគួរប្រតិបត្តិគឺភាពស្មោះត្រង់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារហាក់ស្ថិតក្នុងកំរិតមួយដែលមិនសូវច្បាស់លាស់ប៉ុន្មានទេ។ លោកអ្នកមានទំនោរខ្លាំងទៅនឹងស្ថានភាពនៅជុំវិញខ្លួន ស្ថានភាពនេះអាចល្អ ហើយក៏អាចមិនល្អដែរ ដូច្នេះសូមអ្នកព្យាយាមយ៉ាងណាយល់ដឹងពីដំណើរការនោះ ហើយសម្របខ្លួនឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះភាពរំភើបភ្ញាក់ផ្អើល មិនគួរធ្វើទេ សូមរក្សាភាពស្ងៀមស្ងាត់ ហើយបន្តការងាររបស់អ្នកជាធម្មតា។ ដោយឡែកសម្រាប់ការសម្រេចចិត្តធ្វើសកម្មភាព ត្រូវតែពឹងទៅលើពត៌មានលំអិត។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីពទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។ ក្នុងនោះដែរ លោកអ្នកអាចនឹងទទួលបានដំណឹងខ្លះលើការចាកចេញសម្រាប់ការងារ និងមុខជំនួញ ដូច្នេះប្រសិនបើអ្នកត្រៀមរៀបចំបន្តិច នោះអ្វីៗនឹងស្ថិតក្នុងគន្លងងាយស្រួល។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់លើការផ្សព្វផ្សាយទើបជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្ម។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើន ប្រយ័ត្នមានការថ្លោះធ្លោយ បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ។ លោកអ្នកមិនអាចពឹងពាក់លើអ្នកដទៃណាម្នាក់ឡើយក្នុងពេលនេះ ដូច្នេះសូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយដំណើរដំណើរការលើការកិច្ចការនោះដោយភាពជឿជាក់បំផុត។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនឹងមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ភាពថ្លោះធ្លោយលើទំនុកចិត្តក្នុងថ្ងៃនេះ អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចការងាររបស់អ្នកធ្ងន់ធ្ងរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចំណុចសំខាន់ជាងគេក្នុងថ្ងៃនេះ គឺលោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ។ លោកអ្នកអាចប្រឈមនឹងផលលំបាកខ្លាំង ហើយប្រសិនបើអ្នកមិនអាចទប់ទល់បានទេ នោះការបាក់ទឹកចិត្តក៏អាចនឹងកើតឡើងផងដែរ ហេតុដូច្នេះប្រហែលជាជម្រើសល្អបំផុត អ្នកគួរមានភាពស្ងប់ស្ងាត់ ហើយរក្សាអ្វីៗឲ្យនៅដដែលសិន ហើយចងចាំឳកាសល្អនៅពេលខាងមុខ។ ដោយឡែក បើទោះបីជាភាពចម្រើនលូតលាស់ចំពោះការងារមិនទាន់អាចទទួលបានក្តី លោកអ្នកនៅតែមានលទ្ធភាពក្នុងការពិភាក្សាដើម្បីរកជំនួយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មកំពុងមានដំណើរការល្អប្រសើរណាស់ លោកអ្នកមានមនុស្សជាច្រើនចាំគាំទ្រ និងលើកទឹកចិត្ត ដូច្នេះផលលំបាកនានធានាថាអាចនឹងដោះស្រាយបានដោយងាយស្រួល។ ថ្ងៃនេះទិសភោគទ្រព្យរបស់អ្នកគឺទិសឥសាន ដូច្នេះសូមយកចិត្តទុកដាក់ធ្វើយ៉ាងណាចាប់យកឳកាសល្អ ឬសំដៅដំណើរការងាររបស់អ្នកទៅកាន់ទិសនោះ។ ដោយឡែក សូមគិតគូរបន្ថែមពីការស្វែងរកចំណេះជំនាញ និងបទពិសោធន៍ថ្មីៗ ពីព្រោះវាអាចជួយសម្រួលឲ្យអ្នកអាចដើរទាន់ភាពប្រែប្រួលនានា។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងារទាំងអស់របស់លោកអ្នកធានាថានឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរណាស់។ លោកអ្នកអាចធ្វើកិច្ចការកនានាតាមក្តីប្រាថ្នា ហើយនឹងមិនជួបផលរំខានឡើយ ដោយសារក្នុងពេលនេះគឺមានអំណោយផលខ្លាំងចំពោះសមត្ថភាពបញ្ហា និងការទូត។ ដោយឡែក សូមកុំធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកំលាំង។ កុំបង្កើតការងារច្រើនពេក ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កំលាំង។ លើសពីនោះ សូមមានចិត្តអត់ធ្មត់ចំពោះស្ថាន ភាពប្រែប្រួល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកក្នុងពេលនេះមានដំណើរការល្អប្រសើរ ហើយអាចរក្សាលំនឹងបានយូរអង្វែងផងដែរ។ លោកអ្នកអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាថ្នាក់លើបានយ៉ាងជោគជ័យ ប៉ុន្តែសូមកុំភ្លេចបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ពីព្រោះទាំងនោះជាចំណុចជោគជ័យ។ ក្នុងនោះការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនអាចធ្វើទៅបាននោះទេ ហើយការប្រមូលទិន្នន័យ គឺមានភាពចាំបាច់បំផុត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់នៅទ្រឹងបន្តិច គ្មានភាពប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយព្រឹត្តិការណ៍រីករាយជាពិសេសក៏ហាក់មិនទាន់កើតឡើងនៅពេលនេះដែរ។ ក្នុងនោះភាពអវិជ្ជមានតូចតាចមួយចំនួនក៏នឹងអាចកើតឡើងបាន ដូច្នេះសូមត្រៀមខ្លួនជានិច្ច ពិសេសរៀបចំគម្រោងផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារឲ្យបានម៉ត់ចត់។ ផ្ទុយទៅវិញលោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយមនុស្សគ្រប់ស្រទាប់នៅជុំវិញខ្លួនបានប្រសើរ ហេតុដូច្នេះចូរកុំបាក់ទឹកចិត្តនឹងផលលំបាកក្នុងថ្ងៃនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ដូច្នេះរាល់ការវិនិយោគរបស់អ្នកនឹងអាចទូទាត់បានយ៉ាងលឿន។ កំរិតហិរញ្ញវត្ថុក្នុងពេលនេះ មិនមានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីជាមានភាពអសកម្មតិចតួចអាចកើតឡើងក៏ដោយ។ ក្នុងវេលានេះអ្នកមានពេលវេលាច្រើនសម្រាប់អនុវត្តការងារ ប៉ុន្តែក៏សូមប្រើប្រាស់វាដោយយកចិត្តទុកដាក់។ ដោយឡែក ការទំនាក់ទំនងអាចជួបនឹងសភាពស្មុគ្រស្មាញបន្តិច ប៉ុន្តែសូមមានចិត្តអត់ធ្មត់ ហើយរក្សាទំនាក់ទំនងល្អជានិច្ច ជាមួយមនុស្សដែលនៅក្បែរខ្លួន។
ចំណាំៈ
ឆ្នាំទាំង៤ ខាល រោង វក កុរ រាសីឡើងខ្ពស់ត្រដែត។