គ.ជ.ប បញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី១១កក្កដា (Video Inside)
មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថា ស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១១កក្កដា បានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាឡើយ។
សេចក្តីប្រកាសព័ត៌មានថ្ងៃអង្គារនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះមានគណបក្សនយោបាយចំនួន១៤ ធ្វើសកម្មភាពឃោសនា ក្នុងនោះគណបក្សចំនួន២ បានធ្វើការហែរក្បួន។
គជប បានថ្លែងថាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែរក្បួនឃោសនានៅខេត្តបាត់ដំបង, និងគណបក្សសញ្ជាតិកម្ពុជា បានហែរក្បួននៅខេត្តសៀមរាប និងត្បូងឃ្មុំ។
គណបក្ស១២ទៀតរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរតែមួយ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សយុវជនកម្ពុជា, គណបក្សបំណងពលរដ្ឋ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សធម្មាធិបតេយ្យ, បានធ្វើការឃោសនាតាមរយៈសកម្មភាពជួបប្រជុំ, ចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការបិតខិតបណ្ណ និងចងបដា នៅទីសាធារណៈ, ការប្រគុំតន្ត្រីសម្តែងសិល្បៈ, ចាក់បញ្ចាំងស្លាយវីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ការឃោសនាបោះឆ្នោតគិតត្រឹមថ្ងៃទី១១កក្កដានេះ មានរយៈពេល១១ថ្ងៃហើយ។ ការឃោសនានឹងត្រូវបញ្ចប់នៅថ្ងៃទី២១កក្កដា, ថ្ងៃទី២២កក្កដា ជាថ្ងៃស និងថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត។