ស្តូប «រូបពីរ» នៃអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ត្រៀមដាក់សម្ពោធ (Video Inside)
ស្តូបអនុស្សាវរីយ៍ឈ្មោះ «រូបពីរ» ដែលរំលឹកវិញ្ញាណក្ខ័ន្ធអតីតទាហានខ្មែរ និងទាហានបារាំង ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ គ្រោងនឹងដាក់សម្ពោធថ្ងៃទី១៤កក្កដាខាងមុខនេះ។
ទាហានកម្ពុជាយ៉ាងហោចចំនួន១៥១នាក់ បានបាត់បង់ជីវិត ក្នុងពេលជួយសហការប្រយុទ្ធជាមួយនឹងទាហានបារាំង ក្នុងសង្គ្រាមលោកលើកទី១ រវាងពីឆ្នាំ១៩១៤ដល់១៩១៨។
ស្តូបអនុស្សាវរីយ៍ «រូបពីរ» នេះ ត្រូវបានបំផ្លាញចោលក្នុងអតីតសម័យរបបខ្មែរក្រហមប៉ុលពត។ ការសាងសង់ស្តូប «រូប២» សាឡើងវិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសជួបពិភាក្សាទ្វេភាគីជាមួយនឹងប្រធានាធិបតីបារាំង លោក អេម៉ានូអែលម៉ាក្រុង កាលពីខែធ្នូឆ្នាំ២០២២ ក្នុងទីក្រុងប៉ារីស។
ពិធីបញ្ចុះបឋមសិលាសាងសង់ស្តូប «រូបពីរ» សាជាថ្មីវិញនេះ បានធ្វើកាលថ្ងៃទី២៥ មករា ឆ្នាំ២០២៣ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា បើសិនជាគ្មានអ្វីប្រែប្រួលនោះទេ, ស្តូប «រូបពីរ» កសាងថ្មីនេះ នឹងត្រូវដាក់សម្ពោធប្រើប្រាស់នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមជាអធិបតីពីសម្តេចតេជោ ហ៊ុន សែន។