ស្ថានភាពទូទៅថ្ងៃទីដប់ពីរ នៃការឃោសនាបោះឆ្នោត៖ មានគណបក្សនយោបាយចំនួន១៣ បានធ្វើសកម្មភាពឃោសនា

ភ្នំពេញ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីដប់ពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៣ បានហែក្បួនឃោសនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

គ.ជ.ប បានបន្តថា គណបក្សនយោបាយចំនួន៣ ដែលបានហែក្បួនឃោសនា មានដូចជា៖ ១)គណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ មណ្ឌលខេត្តបាត់ដំបង និងមណ្ឌលខេត្តបន្ទាយមានជ័យ។ ទី២)គណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងទី៣)គណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តក្រចេះ។

ចំណែកគណបក្សនយោបាយ ចំនួន១០ ផ្សេងទៀត ដែលមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សធម្មាធិបតេយ្យ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោ បាយក្នុងថ្ងៃទីដប់ពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner