២៤ឆ្នាំចុងក្រោយចំនួនពលរដ្ឋខ្មែរបានកើនឡើងជាង៥លាន៤សែននាក់ (Video Inside)

ចំនួនប្រជាជនខ្មែរបានកើនឡើងជាង៥លាន៤សែនទេ ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ ខណៈដែលពិភពលោកមានការវិវត្តន៍យ៉ាងលឿននៃចំនួនប្រជាជនច្រើនដល់៨ពាន់លាននាក់ ក្នុងបច្ចុប្បន្ននេះ។

ការបង្ហាញតួលេខនេះ បានធ្វើឡើងក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

សារលិខិតបានសរសេរថា «ក្នុងអម្លុងពេលជាង២ទសវត្សរ៍កន្លងទៅនេះ ចំនួនប្រជាជនកម្ពុជា បានកើនឡើងពីចំនួន ១១លាន ៤សែននាក់ ក្នុងឆ្នាំ១៩៩៨ ដល់១៦លាន៨សែននាក់នៅក្នុងឆ្នាំ២០២២ ដែលអត្រាកំណើនប្រចាំឆ្នាំមាន១កណ្តក់សញ្ញា៦ភាគរយ»។

ប្រទេសកម្ពុជាក្រោយ ថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, ពលរដ្ឋប្រមាណជាង៣លាននាក់ត្រូវបានស្លាប់ និងមនុស្សសេសសល់ពីសេចក្តីស្លាប់រស់នៅដោយខ្វះជីវជាតិអាហារ និងក្នុងប្រទេសដែលស្ថិតក្នុងសង្គ្រាមស៊ីវិល។

ចំនួនមនុស្សដែលរំពឹងមានអាយុវែង មិនមានច្រើនឡើយដោយសារតែប្រទេសជួបនឹងសង្គ្រាមផង និងកង្វះអាហារជីវជាតិទទួលទានមិនគ្រប់គ្រាន់ ប៉ុន្តែក្នុងសម័យដែលកម្ពុជា មានសន្តិភាពសាឡើងវិញចាប់តាំងពីចុងឆ្នាំ១៩៩៨មក ចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងសុខសន្តិភាព និងមានជីវភាពធូរធា បានកើនឡើងគួរឱ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងសារលិខិតដដែលបញ្ជាក់ថា «ការកើនឡើងនៃប្រជាជនកម្ពុជានាពីរទសវត្សរ៍ ចុងក្រោយនេះ បណ្តាលមកពីការធ្លាក់ចុះនៃអត្រាមរណភាព, ការកើនឡើងនៃអាយុសង្ឃឹមរស់ និងសន្ទុះកំណើន»។

សារលិខិតបានបន្តថា «នេះជាជោគជ័យដ៏ធំធេងដែលកើតចេញពី ការខិតខំប្រឹងប្រែងរួមគ្នាទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍន៍រួមទាំងវិស័យឯកជន និងសង្គមស៊ីវិលក្នុងការកែលំអ និងការអភិវឌ្ឍន៍វិស័យសុខភាពសាធារណៈ»។

ads banner