កម្ពុជាបង្វឹកក្រុមជំនាញដោះមីនអ៊ុយក្រែនក្នុងប្រទេសប៉ូឡូញ (Video Inside)
កម្ពុជាបានធ្វើដំណើរទៅប្រទេសប៉ូឡូញ ដើម្បីបង្វឹកជំនាញបោសសំអាតមីនដល់មន្ត្រីអ៊ុយក្រែន។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាលោក ហេង រតនា បានប្រាប់អ្នកសារព័ត៌មានថាថ្នាក់ដឹកនាំ និងក្រុមគ្រូបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ទើបបញ្ចប់ដោយជោគជ័យនូវ បេសកកម្មផ្តល់ការហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីរបស់ជប៉ុន ជូនដល់មន្ត្រីជំនាញសកម្មភាពមីន នៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន។
លោកបញ្ជាក់ថាវគ្គហ្វឹកហ្វឺននោះបានរៀបចំធ្វើនៅក្នុងប្រទេសប៉ូឡូញ រយៈពេល១សប្តាហ៍រវាងពីថ្ងៃទី៥ ដល់៩ខែកក្កដា ឆ្នាំ២០២៣។ ការជួយបណ្តុះបណ្តាលរបៀបបោសសំអាតគ្រាប់មីនដល់អ៊ុយក្រែននេះ គឺជាផ្នែកមួយ នៃការសន្យារបស់មេដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានជជែកតាមទូរស័ព្ទកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងមេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ដោយប្រមុខរាជរដ្ឋាភិបាលបានសន្យាការត្រៀមជួយរបស់កម្ពុជា ជាមួយកិច្ចសហការនឹងប្រទេសជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីន ដើម្បីបណ្តុះបណ្តាលជំនាញដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាដ៏សមស្រប។
លោក ហេង រតនា បានបញ្ជាក់បន្ថែមថា វគ្គហ្វឹកហ្វឺនជូនអ្នកជំនាញសកម្មភាពមីន នៃប្រទេសអ៊ុយក្រែន ធ្វើឡើងនៅប្រទេសប៉ូឡូញនោះ គឺជាកម្មវិធីត្រួតពិនិត្យលើការហ្វឹកហ្វឺន ដែលកម្ពុជាធ្លាប់បណ្តុះបណ្តាលក្រុមជំនាញអ៊ុយក្រែន លើទឹកដីកម្ពុជាកាលពីខែមករាឆ្នាំ២០២៣។