អគ្គស្នងការដ្ឋាននគរបាលជាតិថ្កោលទោសសារព័ត៌មានខេមបូឌាដេលី (Video Inside)

ការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានខេមបូឌាដេលី បានជំរុញឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការថ្កោលទោស និងបានបដិសេធចោលភ្លាមៗ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងនៅថ្ងៃទី១២កក្កដានេះថា សារព័ត៌មានខេមបូឌាដេលី កន្លងមកនេះ បានផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត, មានចរិតនយោបាយ, ប្រឌិត, មួលបង្កាច់អំពីស្ថានការណ៍កម្ពុជា, មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសាររបស់សម្ដេច។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្កោលទោសថាកាសែតនេះ បានមួលបង្កាច់បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ដោយធ្វើមិនឃើញ, មិនដឹង, មិនឮអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា, កិច្ចសហប្រតិបត្តិអន្តរជាតិយ៉ាងជិតស្និទ្ធ ពីបណ្ដាប្រទេសនានាក្នុងការបង្ការទប់ស្កាត់, ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមផែនការយុទ្ធនាការ របស់រាជរដ្ឋាភិបាល ដែលតែងទទួលបានជោគជ័យ និងទទួលបានការអបអរសាទរគាំទ្រ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់ទុកការផ្សាយរបស់កាសែតខេមបូឌាដេលីថា មាន
«ចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជះដាច់ថ្លៃរបស់ពួកអមិត្ត»។

អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា «ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយជំនឿជឿជាក់ គោរពស្រឡាញ់ចំពោះ សម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធបានឡើយ»។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរបញ្ជាក់ចុងក្រោយថា «ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ គ្រាន់តែបានបង្ហាញដល់មហាជន ជាតិ អន្តរជាតិ ឲ្យឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិចបំផ្លាញខឿនសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ»។

ads banner