រាជធានីភ្នំពេញវាយតម្លៃខ្ពស់មន្ត្រីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ (Video Inside)
រាជធានីភ្នំពេញបានថ្លែងកោតសរសើរមន្ត្រីរដ្ឋបាលក្រោមបង្គាប់ ដែលទប់ស្កាត់បទល្មើស ដោយជោគជ័យ ជាពិសេសនៅមុនដំណាក់កាលរៀបចំបោះឆ្នោតឈានមកដល់។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងកោតសរសើរការទប់ស្កាត់ចរាចរណ៍ចែកចាយគ្រឿងញៀនក្នុងទីលានចាក់សំរាម, ការធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ជាពិសេសក្នុងមួយត្រីមាសដើមឆ្នាំនេះ បទល្មើសព្រហ្មទណ្ឌមាន៩លើក ដោយសមត្ថកិច្ចបង្ក្រាបបាន ២២០ ករណី និងឃាត់ខ្លួនបាន៣៥៦នាក់។ លោកបានថ្លែងកោតសរសើរផងដែរលើកិច្ចការគ្រប់គ្រង សំណល់អនាម័យបរិស្ថាន។
លោកបានថ្លែងថានៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការប្រមូលសំរាមជាមធ្យមមួយថ្ងៃស្មើនឹង៣ពាន់៥៥៦តោន បានធ្វើដោយល្អ និងជាពិសេសទៀតនោះ គឺការទប់ស្កាត់ចរាចរចែកចាយ និងសេពគ្រឿងញៀន ក្នុងទីលានចាក់សំរាមបាន១០០%។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរផងដែរ ចំពោះកិច្ចការរៀបចំការពារ សន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសក្នុងអម្លុងកាលដែលមានការឃោសនាបោះឆ្នោត ទាំងក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការឃោសនា ដែលបានប្រព្រឹត្តក្នុងបរិយាកាសស្ងប់ស្ងាត់ល្អ, មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមគំហែងឡើយ។