រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា
ភ្នំពេញ៖ នៅក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ទំនង គឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាបន្ន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្តីពីការរិះរកវិធីសាស្រ្តផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ សំខាន់ជាងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តម ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ ចំពោះវិភាគទានដ៏មានតម្លៃរបស់ឯកឧត្តមទៅដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះជំនួបរវាងឯកឧត្តម ដន ប្រាម៉ាត់វិណៃ ជាមួយលោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជា ការវិវឌ្ឍជាវិជ្ជមានមួយ។
សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ ដែលដឹកនាំដោយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅទីក្រុងហ្សាការតា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ