នាយករដ្ឋមន្រ្តីឥណ្ឌានឹងពិភាក្សាពីកិច្ចព្រមព្រៀងការពារជាតិសំខាន់ៗ អំឡុងដំណើរទស្សនកិច្ចនៅបារាំង
ប៉ារីស៖ ទោះបីជាមានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងលើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌាក៏ដោយ ក៏ទីក្រុងញូដែលី និងលទ្ធិប្រជាធិបតេយ្យលោកខាងលិច ចាប់អារម្មណ៍លើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ដោយសារតែការព្រួយបារម្ភទៅវិញទៅមកអំពីការពង្រីកឥទ្ធិពលរបស់ប្រទេសចិន។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសបារាំង ដែលមានគោលបំណងធ្វើការពិភាក្សាលើកិច្ចព្រមព្រៀងការពារជាតិសំខាន់ៗ។ ជាមួយគ្នានេះ ជំនួយការរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ឥណ្ឌាគឺជាសសរស្តម្ភមួយ នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់យើង។

បើតាមជំនួយការរបស់មេដឹកនាំទាំងពីរ លោក ម៉ាក្រុង និងលោក ម៉ូឌី នឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ និងថាមពលពន្លឺព្រះអាទិត្យ (សូឡា), បច្ចេកវិទ្យាអវកាស និងថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលមានអាយុកាល ២៥ឆ្នាំរវាងបារាំង និងឥណ្ឌា។
សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយ ក្នុងចំណោមអ្នកទិញអាវុធដ៏ធំបំផុតរបស់បារាំង ដោយលោក ម៉ូឌី បានប្រកាសពីកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការបញ្ជាទិញយន្តហោះចម្បាំងបារាំង Rafale ចំនួន ៣៦គ្រឿង ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៥ ដែលមានតម្លៃប្រហែល ៤ពាន់លានអឺរ៉ូ ឬប្រហែល៤.២៤ពាន់លានដុល្លារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា