សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋដែល​​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោត

ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោតទាំងអស់ សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវការ នូវអគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ ចំនួន ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិទ្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។

ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងខណៈដែលការបោះ​​​​ឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ សល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរយៈជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបានផ្តល់នូវកាលានុវត្តភាព ដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ។ បើគ្មាន​សន្តិភាព គឺពុំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះឡើយ»។រាជរដ្ឋាភិបាលកម្ពុជា បានបន្តថែរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គមបានរឹងមាំ ដែលធានាបានប្រក្រតីភាព នៃការប្រព្រឹត្តទៅនៃស្ថាប័នជាតិ ទប់ស្កាត់ការប៉ុនប៉ង​បង្កចលា​ចល​វឹកវរក្នុងសង្គម ធានាភាពសុខសាន្តរបស់ប្រជាជន ដោយចាត់ទុកការងារទាំងនេះ ជាការងារអាទិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់​ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាសន្តិសុខ សុវត្ថិភាពនៅតាមភូមិ-ឃុំ-សង្កាត់ ទូទាំងប្រទេស។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមត្ថកិច្ច ត្រូវខិតខំធ្វើអំពើល្អក្នុងសង្គម ត្រូវរួមគ្នាពង្រឹងយុត្តិធម៌សង្គម ខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណើ សំណូមពរនូវសេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង៕ដោយ៖ពលជ័យ

ពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវការ នូវអគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ ចំនួន ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិទ្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ(រូបថតក្រុមការងារសម្តេចក្រឡាហោម សខេង)
ads banner