រដ្ឋមន្រ្តីក្រសួងការងារប្រាប់ដល់ពលរដ្ឋរកចំណូលផ្ទាល់ខ្លួនអាចស្នើសុំធ្វើប័ណ្ណប.ស.ស.បានដើម្បីសេវាថែទាំនិងព្យាបាលសុខភាព
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣នេះបានធ្វើការបង្ហោះសារមួយតាមរយៈទំព័រហ្វេសប៊ុក ផ្លូវការផ្ទាល់ ខ្លួនបញ្ជាក់ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋធម្មតាដែលមានចំណូលផ្ទាល់ខ្លួន អាចមកធ្វើការស្នើសុំ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានដោយចំណាយ ១៥៦០០រៀល ក្នុងមួយខែដើម្បីទទួលបានផលប្រយោជន៍ជាច្រើនក្នុងនេះទាំងការថែទាំសុខភាពនិងសេវាព្យាបាលសុខភាពជាដើម។
ក្នុងសារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា”អស់បារម្ភ! សម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត”។
ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ភ្្ជាប់មកជាមួយនូវខ្លឹមសារបន្ថែមមួយចំនួនដែរថា៖ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
-មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល
- ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
- ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.
- សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។
រដ្ឋមន្រ្តីក្រសួងការងារបានឱ្យដឹងផងថា”សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង”។
គួរបញ្ជាក់ថាបើតាម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែង នាពេលថ្មីៗកន្លងមកបានឱ្យដឹងថា៖ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី បានកំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គមរបស់ កម្ពុជា រួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព, ផ្នែកប្រាក់សោធននិវត្តន៍ និងផ្នែកនិកម្មភាពការងារ ហើយដែលមានវិសាលភាពគ្របដណ្តប់ទាំងវិស័យឯកជននិងវិស័យសាធារណ: មកដល់ពេលនេះកម្ពុជាបាន អនុវត្តរបបសន្តិសុខសង្គមចំនួន ៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ ទី២.ផ្នែកថែទាំសុខភាព និងទី៣.ផ្នែកប្រាក់សោធននិវត្តន៍ជាដើម៕

ដោយ ៖ ម៉ាដេប៉ូ