ជារៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ តែងតែទៅកំសាន្តនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ដែលមហាជនបានដាក់ឈ្មោះថ្មីថា ជាសមុទ្រសៀមរាប

(សៀមរាប)៖ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ជារៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ មានបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ តែងតែទៅទស្សនាកំសាន្តនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ដែលមហាជនបានដាក់ឈ្មោះថ្មីថា ជាសមុទ្រសៀមរាប នៅទីនោះមានខ្យល់អាកាសបរិសុទ្ធសម្រាប់លំហែកាយា នឹងបានមើលថ្ងៃរៀបលិច ឬក៏ងូតទឹកលេងយ៉ាងសប្បាយរីករាយឥតឧបមា ហើយគេសង្កេតឃើញថា មានក្រុមការងារអភិរក្សថែរក្សានៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា ដែលជាកន្លែងបិតកភ័ណ្ឌជាតិសម្រាប់កូនចៅជំនាន់ក្រោយបានយល់បានស្គាល់ពីប្រវត្តិសាស្ត្រមួយនេះ ដោយមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាកំសាន្ត នឹងស្វែងយល់ពីអរិយធម៍វប្បធម៍នៅបារាយទឹកថ្លាខាងលិចជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតប៉ែកខាងកើតឆៀងខាងត្បូងផងដែរ ដើម្បីបន្ធូរអារម្មណ័តានតឹងនៅទីនោះ។

តំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ប៉ែកខាងកើតឆៀងខាងត្បូងជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ជាប់ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប វាមានទទឹង ២.៥គីឡូម៉ែត្រ និងបណ្តោយ ៨គីឡូម៉ែត្រដែលជាកន្លែងប្រវត្តិសាស្ត្រដ៏យូលងណាស់មកហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរា បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លាខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ដូចជា ក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។ នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ យើងត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបអាចរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ ក៏ដូចជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋាននេះផងដែរ ។

អាជ្ញាធរជាតិអប្សរាធ្វើបែបនេះ ក្នុងគោលបំណងដើម្បីថែរក្សាការពារឲ្យឧមានសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យល្អ បរិស្ថានស្អាត លើសពីនេះ នៅពេលដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិអន្តរជាតិ មកលេងទីនេះ សូមមេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថានឲ្យបានស្អាតល្អរៀងៗខ្លួនផង មុននឹងចាកចេញទៅវិញសូមជួយសម្អាតឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត និងព្រះសង្ឃក្នុងវត្ត សូមឲ្យញាតិញោម ដែលបានមកលេងកំសាន្តនៅមាត់បារាយនេះ បើមិនមានកន្លែងចតឡានឬម៉ូតូនោះ ញាតិញោមពុទ្ធបរិស័ទ និងភ្ញៀវជាតិ អន្តរជាតិ អាចមកចតនៅក្នុងបរិវេណវត្តក៏បាន អាត្មាភាព មិនបានគិតលុយគិតប្រាក់ឡើយ សូមឲ្យតែមានសណ្តាប់របៀបរៀបរយ និងអនាម័យ បរិស្ថានល្អបានហើយ។

ទន្ទឹមនិងនោះ បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ឬនៅតាមបណ្តាខេត្តផ្សេងៗ បានលើកឡើងស្រដៀងៗគ្នាថា នៅពេលដែលពួកគាត់ បានមកលេងនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ដែលមហាជនបានដាក់ឈ្មោះថ្មីថា ជាឆសមុទ្រសៀមរាបនេះ នៅពេលដែលពួកគាត់បានមកដល់ ហើយយើងមើលឃើញផ្ទៃទឹកធំល្វឹងល្វើយដូចសមុទ្រអញ្ចឹង យើងអាចស្រូបយកខ្យល់បរិសុទ្ធ មានផាសុខភាព មានអារម្មណ៍ល្ង នៅពេលល្ងាចយើងមើលថ្ងៃរៀបលិចមានសភាពស្រស់ថ្លា មិនស្មានថា នៅខេត្តសៀមរាប មានតំបន់រម្មណីយដ្ឋានស្អាតដុចសមុទ្រអញ្ចឹងសោះ ឃើញគេផ្សាយតាមទូរទស្សន៍ បង្ហោះតាមបណ្តាញសង្គម និងយូធូបប្រោងព្រាត តែតាមការពិតគឺនៅទីនេះសោះ។ អ្វីដែលសំខានជាងនេះ គឺយើងត្រូវចូលរួមថែរក្សាកេរ៍ដំណែលដូនតារបស់យើងឲ្យបានល្អ និងអនាម័យ បរិស្ថាន បើយើងយកអ្វីមកហូប ពេលយើងហូបរួចត្រូវជួយគ្នាប្រមូលយកទៅវិញផង ៕

ដោយ ៖ ស៊ាន សុផាត

ads banner