កម្ពុជា និងចិន ពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) និងក្រុមហ៊ុន ហូវៃ បានរៀបចំសិក្ខាសាលាស្តីពី ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានសាទរ ដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមហ៊ុន ហូវៃ ប្រចាំកម្ពុជា បានសហការរៀបចំសិក្ខាសាលានេះឡើង ពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការឈ្វេងយល់បន្ថែមពីគោលគំនិតនៃក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និងទស្សន៍ឌីជីថល, និយ័តកម្មឧស្សាហកម្ម, ការអនុវត្តយុទ្ធសាស្រ្តឌីជីថល, ការវាយតម្លៃ និងអនុវត្តគំរូល្អៗ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ព្រឹទ្ធសភាកម្ពុជាមានឆន្ទៈ និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជា ឆ្ពោះទៅរកសង្គមសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ព្រមទាំងចូលរួមយ៉ាងសកម្ម និងភាពជាដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ដំណាក់កាល ឆ្ពោះទៅរកការពង្រឹង និងការកសាងខឿនសេដ្ឋកិច្ចដ៏រឹងមាំមួយ ក្រោមទស្សនវិស័យជាប្រទេសចំណូលកម្រិតមធ្យមត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។

ក្នុងន័យនេះ ព្រឹទ្ធសភាកម្ពុជាបានកំណត់ចក្ខុវិស័យ និងទស្សនវិស័យ ក្នុងការប្រែក្លាយខ្លួនជាសភាទំនើប ដោយបានរៀបចំចងក្រងក្របខណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពរបស់ព្រឹទ្ធសភាក្នុងរយៈពេល ១០ឆ្នាំ ឆ្នាំ ២០២១-២០៣០ និងផែនការមេស្តីពីបដិវត្តកម្មព្រឹទ្ធសភាអេឡិចត្រូនិច ឆ្នាំ ២០២២-២០៣០ ឱ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥។

ក្នុងឱកាសនោះដែរ លោក លីង អ៊ូ នាយកផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនហូវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានបង្ហាញជូនអង្គសិក្ខាសាលាផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១.ឌីជីថលនីយកម្ម និងសេដ្ឋកិច្ចឌីជីថល មាន៖ ផ្លាស់ប្តូរ និន្នាការ និងតម្លៃ។ ២.គំរូយុទ្ធសាស្ត្រឌីជីថលជាតិ មាន៖ក្របខណ្ឌ ធាតុសំខាន់ គម្រូ និងករណី។ ៣.ហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាមូលដ្ឋានគ្រឹះ មាន៖ កសាង អភិវឌ្ឍ និងនវានុវត្តន៍៕


អត្ថបទ៖ ឈឹម ទីណា