ឯកឧត្តម ហ៊ុន ម៉ានី៖ “គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះ តែនៅជាមួយប្រជាជនគ្រប់ពេលវេលា យើងមិនល្អឥតខ្ចោះ តែពឹងពាក់បានគ្រប់កាលៈទេសៈ”

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានថ្លែងបញ្ជាក់ថា “ខ្ញុំនៅទីនេះតំណាងឱ្យគណបក្សប្រជាជនកម្ពុជា សូមជម្រាបថា យើងមិនល្អឥតខ្ចោះ តែនៅជាមួយប្រជាជនគ្រប់ពេលវេលា យើងមិនល្អឥតខ្ចោះតែពឹងពាក់បានគ្រប់កាលៈទេសៈ ដោយមិនប្រកាន់គណបក្សណាឡើយ។ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់គោលជំហថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍របស់ពុក ម៉ែ បងប្អូន ហើយតែងតែនៅជិតកៀកនឹងប្រជាពលរដ្ឋនៅពេលដែលត្រូវការ។”

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២ឃុំ គឺឃុំអូរ និងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សរុបប្រមាណ៧០០នាក់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៧ ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាល៤៤ឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវសមិទ្ធផលជាច្រើន ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក៏ពិតមែន ប៉ុន្តែយើងនៅតែត្រូវការអភិវឌ្ឍបន្ថែមដើម្បីប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍”។

ចំណែកលោក សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធី នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានបន្តបង្ហាញពីវិធីគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីធានាភាពសុក្រឹតដល់សន្លឹកឆ្នោតដែលយកជាការបាន និងលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ តាមគន្លងនីតិរដ្ឋ ជាពិសេសការរំឮកឡើងវិញជូនប្រជាពលរដ្ឋលើឯកសារសំខាន់ៗ ដែលត្រូវតែមានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី

ads banner