យុទ្ធនាការឃោសនាបោះឆ្នោតរលូនល្អនៅថ្ងៃទី១៧ (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថាយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃចន្ទនេះ មានភាពរលូនល្អ និងគ្មានអំពើហិង្សា។ នេះជាថ្ងៃទី១៧ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោត។
គជប បានថ្លែងថា នៅថ្ងៃទី១៧ ខែកក្កដានេះ មានគណបក្សនយោបាយចំនួន ១២ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្ស៥ បានហែក្បួនឃោសនាក្នុងនោះគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួននៅខេត្តស្វាយរៀង, គណបក្សយុវជនកម្ពុជា ហែក្បួននៅខេត្តត្បូងឃ្មុំ, គណបក្សស្ត្រីដើម្បីស្ត្រី ហែក្បួននៅរាជធានីភ្នំពេញ, គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួននៅខេត្តបន្ទាយមានជ័យ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួននៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
ចំណែកគណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត ដែលមានគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សខ្មែររួបរួមជាតិ និងគណបក្សបំណងពលរដ្ឋ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕