ថ្នាក់ដឹកនាំប្រទេសចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាឱកាសគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ៖ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឈាង (Li Qiang) បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាឱកាសដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ។
លិខិតអបអរសាទររបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង និងលិខិតអបអរសាទររបស់ឯកឧត្តម លី ឈាង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈសារលិខិតនេះ ឯកឧត្តម ស៊ី ជិនពីង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ ខ្លឹមសារទាំងស្រុងនៅក្នុងលិខិតរបស់ប្រធានាធិបតីចិន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ៖
ខ្ញុំពិតជាមានសោមនស្សដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧។ ក្នុងនាម គណៈកម្មាធិការមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន និងក្នុងមានខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅដល់សម្ដេចប្រធាន និងគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។
វាពិតជាគួរឱ្យសោមនស្សរីករាយដើម្បីធ្វើជាសក្ខីភាពថានៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចប្រធាន ប្រទេស កម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ ចិននឹងបន្តគាំទ្រ ដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេសដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ។ ខ្ញុំមានជំនឿចិត្តថានៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធាន គណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាពនៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក ក្នុងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។
ចិន និងកម្ពុជា គឺជាសហគមន៍មួយដែលមានអនាគតរួម។ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន បានផ្សារភ្ជាប់យ៉ាងមានសារៈសំខាន់ នៅក្នុង កិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ជាមួយគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ សម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នាក្នុងការកសាង សហគមន៍ចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ភ្ជាប់ជាមួយអនាគតរួមនៅក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍នៃ ប្រទេសទាំង២ និងប្រជាជននៃប្រទេសទាំង២។
ដោយឡែកតាមរយៈសារលិខិតនេះ ឯកឧត្តម លី ឈាង បានលើកឡើងថា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះជាថ្មីម្ដងទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី។ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់។
ក្នុងសារលិខិតរបស់ឯកឧត្តម នាយករដ្ឋមន្រ្តីចិន បានបន្តថា ចិន និងកម្ពុជា គឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ជាមួយអនាគតរួមក្នុងយុគសម័យថ្មី។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បី ជំរុញឱ្យកាន់តែជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
សូមរំលឹកថា តាមលទ្ធផលក្រៅផ្លូវការ បានឱ្យដងថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយអាចនឹងគ្រប់គ្រងអសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ ។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋ បានបោះឆ្នោតសរុបចំនួន ៨លាន២សែន១ម៉ឺន៣ពាន់២៦០នាក់ ស្មើនឹង ៨៤,៥៨ភាគរយ នៃចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩លាននាក់។ ស្ថិតតិនេះ មានការកើនឡើងជាង នៃបោះឆ្នោតកន្លងមកផងដែរ ៕




ដោយ ៖ វណ្ណលុក