រដ្ឋបាលស្រុកកំពង់លែង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រួតពិនិត្យការងារ សន្តិសុខ និង ទិសដៅ១១ចំណុចបន្ត ស្តីពីចាត់វិធានការបង្ការទប់ស្កាត់បទល្មើសផ្សេងៗ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលស្រុកកំពង់លែង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពដើម្បីត្រួតពិនិត្យការងារសន្តិសុខ និងទិសដៅ១១ចំណុចបន្តអនុវត្តន៍ និងចាត់វិធានការបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ដោយមានការចូលរួមពីសំណាក់ លោក ចេង ចាន់ដូណា អភិបាលរង និង ជាអនុប្រធានអចិន្ត្រៃយ៍ឯកភាពស្រុក ព្រមទាំង លោក លោកស្រីអភិបាលរង អធិការ បញ្ជាការដ្ឋានផ្នែកប្រតិបត្តិសឹករងស្រុក អធិការ អធិការរងជាកងកម្លាំងប្រដាប់អាវុធ សង្កាត់រដ្ឋបាលជលផល លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធក្នុងស្រុក លោក មេឃុំទាំង៩ ប៉ុស្តិ៍រដ្ឋបាលឃុំ រដ្ឋបាលព្រៃឈើ ចូលរួមសរុប ៥៤នាក់ (ស្រី០៧នាក់់)។
ក្រោយពីបានក្តាប់របាយការណ៍ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកក្កដា ឆ្នាំ២០១៩ និងទិសដៅអនុវត្ត១១ចំណុចរួចមក លោក ចេង ចាន់ដូណា អភិបាលរង និងជាអនុប្រធានអចិន្ត្រៃយ៏ស្រុក បានជំរុញដល់អង្គភាពជំនាញពាក់ព័ន្ធបន្តជំរុញការអនុវត្តវិធានការនានា ពិសេស ការងារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ការកាប់ព្រៃលិចទឹក ការកាប់ និងដឹកឈើរកស៊ីខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ការនេសាទខុសច្បាប់ ការសាងសង់សំណង់មួយចំនួនទៀតត្រូវបានដំណើរការសាងសង់ ឫុជួសជុល និងកែប្រែទ្រង់ទ្រាយដោយគ្មានលិខិតអនុញ្ញាតច្បាប់ត្រឹមត្រូវ និងបង្កើនសកម្មភាពអនុវត្តវិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅ ពិសេសត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ការអប់រំឲ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះឲ្យបានយល់ដឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនខានតែបាន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់៕ម.ន


