គណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន ចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន ខាន់
អ៊ីស្លាម៉ាបាដ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បានចេញដីកាចាប់ខ្លួនលោក អ៊ីមរ៉ាន ខាន់ ក្នុងចំណាត់ការផ្លូវច្បាប់ចុងក្រោយបង្អស់ប្រឆាំងនឹងអតីតនាយករដ្ឋមន្រ្តីរូបនេះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។
គណៈកម្មាធិការបានប្រកាសដីការបស់ខ្លួនកាលពីថ្ងៃចន្ទ ពោលគឺនៅថ្ងៃដដែល ដែលលោក ខាន់ ត្រូវបានតុលាការកំពូលសម្រេចឱ្យនៅក្រៅឃុំលើសំណុំរឿងនៃបទចោទប្រកាន់ផ្សេងៗទៀត។ រាប់ចាប់តាំងពីអស់ដំណែងជាមេដឹកនាំប៉ាគីស្ថាននៅខែមេសាឆ្នាំមុនមក លោក ខាន់ បានរងការចោទប្រកាន់ជាង ១៥០ ករណីហើយ ដែលរួមមានបទចោទប្រកាន់ស្ដីពីភេរវកម្ម។
ដីកាចាប់ខ្លួនដែលចេញពីក្រុងអ៊ិស្លាម៉ាបាដ បានលើកឡើងថា លោក ខាន់ បានប្រមាថដំណើរការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយមិនបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការនៅខែមករា និងខែមីនា តាមការជូនដំណឹង។
ជុំវិញបញ្ហានេះ គណបក្ស Pakistan Tehreek-e-Insaf របស់លោក ខាន់ បានបង្ហោះរូបដីការបស់គណៈកម្មាធិការ កាលពីថ្ងៃចន្ទ ដោយនិយាយថា សមាជិកនៃក្រុមច្បាប់របស់លោកខាន់ បានយកដីកានោះទៅដល់គេហដ្ឋានរបស់លោក ខាន់ នៅទីក្រុង Lahore។ គណបក្សនិយាយទៀតថា លោក ខាន់ នឹងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅថ្ងៃអង្គារ តាមដីកាចាប់ខ្លួនរបស់គណៈកម្មាធិការ ដែលសុំឱ្យមានការនាំខ្លួនលោក ខាន់ ទៅគណៈកម្មាធិការ នៅថ្ងៃទី ២៥ ខែកក្កដា។
គួរគូសបញ្ជាក់ថា លោក ខាន់ រងការចោទប្រកាន់ថាប្រើ «ភាសាមិនសមរម្យ និងពាក្យសំដីមាក់ងាយ» ប្រឆាំងនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោត។
ថ្លែងទៅកាន់អ្នកគាំទ្រលើបណ្ដាញសង្គមយូធូប ភ្លាមៗក្រោយដីកាចាប់ខ្លួន លោក ខាន់ បានអះអាងថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីជាប់គុក។
បច្ចុប្បន្ននេះ លោក ខាន់ ដែលជាមេដឹកនាំបក្សប្រឆាំងរដ្ឋាភិបាលដ៏សំខាន់ បានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្ញើសារទៅអ្នកគាំទ្រ ខណៈស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន បានហាមឃាត់បណ្តាញទូរទស្សន៍ក្នុងស្រុក ពីការផ្សាយសុន្ទរកថារបស់លោក។
កាលពីខែឧសភា លោក ខាន់ ត្រូវបានចាប់ខ្លួនម្ដងរួចមកហើយក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ការចាប់ខ្លួនលោកកាលពីលើកនោះ បង្កឱ្យមានចលាចលយ៉ាងសាហាវនៅទូទាំងប្រទេស មុនពេលលោកត្រូវបានដោះលែងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក៕ ប្រែសម្រួល៖ ហួន ឌីណា