សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស នៅវេលាម៉ោង២រសៀលថ្ងៃនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត នៅវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជុំវិញការលើកពេលជំនួបជាមួយកម្មករ-កម្មការិនី ទៅក្រោយការរៀបចំរាជរដ្ឋាភិបាលថ្មីរួចរាល់ ។

សម្ដេចបានបញ្ជាក់ថា នឹងធ្វើការបកស្រាយអំពីការបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង ។

ក្នុងសារជាសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានសុំការអនុគ្រោះពីកម្មករ-កម្មការិនីទាំងអស់ ដែលមិនបានចុះសួរសុខទុក្ខតាមការសន្យា ក្រោយបោះឆ្នោត ប៉ុន្តែដោយសារកត្តាពេលវេលា និងកត្តានៃការរៀបចំរាជរដ្ឋាភិបាលថ្មី។ សម្តេចថា នឹងបកស្រាយបញ្ហានេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ នៅពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ។

សម្តេចតេជោ បានបន្តថា សូមគោរពជូនក្មួយៗ កូនៗកម្មករ-កម្មការិនីទាំងអស់ កាលពីចុះសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅតាមរោងចក្រទាំងអស់ ខ្ញុំបានសន្យាថា បោះឆ្នោតហើយ នៅត្រឹមថ្ងៃទី ២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករបន្តទៀតនៅ ១០គោលដៅ ក្នុងរាជធានី-ខេត្តផងដែរ ប៉ុន្តែដោយសារកត្តាពេលវេលា និងកត្តានៃការរៀបចំរដ្ឋាភិបាលថ្មី ។

សម្តេចតេជោ ហ៊ុន សែន បានសូមអភ័យទោសពីកម្មករ-កម្មការិនីទាំងអស់ ដែលមានការអាក់ខាន មិនបានទៅសួរសុខទុក្ខតាមការសន្យា ប៉ុន្តែត្រូវលើកទៅពេលក្រោយការបង្កើតរដ្ឋាភិបាលថ្មី ព្រោះឥឡូវនេះ ស្ថិតនៅក្នុងដំណាក់កាលរដ្ឋាភិបាលចាំផ្ទះ។

សម្ដេចចង់ឱ្យអ្វីៗកើតឡើងនៅក្នុងដំណាក់កាលរាជរដ្ឋាភិបាលថ្មី ដែលត្រូវជួបចំពោះក្មួយៗ កូនចៅជាកម្មករ-កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី លទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខកម្មករ-កម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះជាលទ្ធភាពអាចកើត ឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី ហើយខ្ញុំនឹងមិនទៅណាទេ ខ្ញុំនឹងបកស្រាយបញ្ហានេះ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នៅពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុង ។

សម្ដេចបញ្ជាក់ថា នឹងនិយាយរឿងនេះនៅពេលនោះ។ តែចាំបាច់ ខ្ញុំត្រូវចេញសារ ដោយសារខ្ញុំមានគម្រោងទៅជួបជាមួយនឹងកម្មករ-កម្មការិនី នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ប៉ុន្តែត្រូវបានអាក់ខាន និងលើកពេល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner