របាយការណ៍​​ អ.ស.ប ៖ សាលា​រៀន​គួរ​តែ​ហាម​ឃាត់​​​​ស្មាន​ហ្វូន​​ ដើម្បីធ្វើ​ឱ្យ​​​គុណភាព​​អប់រំ​​ប្រសើរឡើង​

អ.ស.ប៖ របាយការណ៍​នៃ​អង្គការ​យូណេស្កូ ​បាន​ណែ​នាំ​ថា សាលារៀន​គួរ​តែ​ហាម​​ឃាត់​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​​ស្មាតហ្វូន​​របស់​សិស្សក្នុង​សាលា​​​ ដើម្បី​ជួយ​បញ្ឈប់​ការ​រំខាន​​ក្នុង​​ថ្នាក់​រៀន​​ ​ធ្វើ​ឱ្យ​ការ​សិក្សា​កាន់​តែ​ប្រសើរ​ឡើង​ និ​ង​​ជួយ​ការពារ​​សិស្ស​​ពី​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត​។​

​​​កាសែត​ Guardian បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​​​​​ដក​ស្រង់​របាយការណ៍​​របស់​អង្គការ​យូណេស្កូ​ ដែល​គូស​បញ្ជាក់​ថា​ ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​​ច្រើន​ពេក​ គឺ​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​​ដំណើរ​ការ​អប់រំ​មិន​ល្អ ​​​និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​សិស្ស​​កាន់​តែ​អាក្រក់​ទៅ​ៗ​។ ​​​

​របាយការ​ណ៍​របស់​​​ភ្នាក់ងារ​​​​​​អង្គការ​សហប្រជាជាតិ​ដដែល​​​ ​បាន​បន្ថែម​ថា​ បច្ចេកវិទ្យា​ឌីជីថល​​​ រួម​ទាំង​បញ្ញា​សិប្ប​និម្មិត​ មិន​គួរ​មាន​អាទិភាព​លើ​​ចក្ខុ​វិស័យ​របស់​​មនុស្ស​ជា​ធំ​ ​​ចំពោះ​​កា​រ​អប់រំ​ ឬ​ជំនួស​ការ​បង្រៀន​​ដោយ​ផ្ទាល់​​មុខ​គ្នា នោះ​ទេ​។

របាយការណ៍​បន្ថែម​ថា​៖ «​​មិន​មែន​ការ​ផ្លាស់​ប្តូរ​ទាំង​អស់​ សុទ្ធ​តែ​មាន​ការ​រីក​ចម្រើន​នោះ​ទេ​។​ ​គ្រប់​ការ​ដែល​អាច​ធ្វើ​ទៅ​បាន​​ ​មិន​​មែន​​មាន​​ន័យ​​ថា​​គួរ​​តែ​​ធ្វើ​​នោះ​​​ទេ​»​។​​

​អគ្គ​នាយិការ​អង្គការ​យូណេស្កូ​ លោក​ស្រី​ ​Audrey Aloza ​បាន​ប្រាប់​កាសែត​ Guardian ​ថា​​៖ «​បដិវត្តន៍​ឌីជីថល​មាន​សក្តានុពល​​ដែល​មិន​អាច​វាស់​វែង​បាន​។​ ប៉ុន្តែ​ដូច​​​​ការ​ព្រមាន​​ស្ដី​ពី​​របៀប​ដែលគេ​គួរ​​​​គ្រប់​គ្រង​​​​វា​ក្នុង​​សង្គមដែរ​​ ការ​យក​ចិត្ត​ទុក​ដាក់​ស្រដៀង​គ្នា ក៏​ត្រូវ​ធ្វើ​ឡើង​​​​​​ក្នុង​​វិស័យ​​អប់រំ​ផង​ដែរ​​»។​​

លោក​ស្រី Aloza  ​​លើក​ឡើង​​ថា​ ការ​ប្រើ​ប្រាស់​ឌីជីថល​ ត្រូវ​តែ​​​សម្រាប់​ការ​ពង្រឹង​បទ​ពិសោធន៍​សិក្សា ​និង​សម្រាប់​សុខុមាលភាព​របស់​សិស្ស ​និង​គ្រូ ​មិន​មែន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ពួក​គេ​នោះ​ទេ​។ លោក​ស្រី​បន្ត​ថា​៖ «​រក្សា​អ្វី ជា​តម្រូវ​ការ​របស់​សិស្ស​ជាមុន​សិន​ រួច​ហើយ​គាំទ្រ​គ្រូ​​។ ​​ការ​​តភ្ជាប់​​អ៊ិនធឺណិត​​ ​​មិន​​អាច​​ជំនួស​​​ការ​ឆ្លើយ​ឆ្លង​គ្នាដោយ​ផ្ទាល់​បាន​ទេ​»។ ​ ​

​អង្គការ​យូណេស្កូ​​និយាយ​​ក្នុង​របាយការណ៍​ថា​ បណ្តា​ប្រទេស​ចាំ​បាច់​ត្រូវ​ធានា​ថា​ ពួក​គេ​មាន​គោល​បំណង​ និង​គោលការណ៍​ច្បាស់​លាស់​ ដើម្បី​ធានា​ថា​ បច្ចេក​វិទ្យា​ឌីជីថល​ក្នុង​ការ​អប់រំ​មាន​អត្ថ​ប្រយោជន៍​ និង​ជៀស​វាង​គ្រោះ​ថ្នាក់ ​ទាំង​ចំពោះ​​សុខុមាលភាព​​សិស្ស​ម្នាក់​ៗ​ និង​ចំពោះ​​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ដូច​ជា​ការ​រំលោភ​លើ​​ឯក​ជន​ភាព​ និង​ការ​បង្ក​ការ​ស្អប់​ខ្ពើម​លើ​អ៊ិនធឺណិត​ជាដើម​។​​

​ផ្អែក​លើ​ការ​វិភាគ​​​លើ​ប្រព័ន្ធ​អប់រំ​ចំនួន​ ២០០​ ជុំ​វិញ​ពិភព​លោក​ អង្គការ​យូណេស្កូ​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៦​ បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​នៅ​ក្នុង​សាលារៀន​ ទាំង​តាម​រយៈ​ច្បាប់​ ឬ​ការ​ណែនាំ​។​ ទាំង​នេះ​ រួ​ម​មានប្រទេស​ហ្វាំងឡង់​ និង​បារាំង​ដែល​បាន​ណែនាំ​គោល​នយោបាយ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៨​ និង​ហូឡង់​ ដែល​នឹង​ចាប់​ផ្ដើមការ​​រឹត​បណ្ដឹង​ចាប់​ពី​ឆ្នាំ​ ២០២៤​ ទៅ៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ ‘Put learners first’: Unesco calls for global ban on smartphones in schools  

ads banner