ឯកឧត្តម លី ច័ន្ទតុលា ៖ គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា ត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមមហាសន្និបាតលើកទី១៤ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ នាខែតុលា ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី
(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ដែលរួមមានឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍ និងសមាជិករបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធាននៃសមាគមច្បាប់អាស៊ាន , លោកចៅក្រម Lee Seiu Kin ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានសិង្ហបុរី និងជាចៅក្រមនៃតុលាការកំពូល និងគណៈប្រតិភូ ។

ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងារ ទិសដៅការងារ និងចក្ខុវិស័យរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា។ ឯកឧត្តម គូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាដែលមានសមាជិកសមាជិកាសុទ្ធ តែជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ទទួលបានឱកាសក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិស័យច្បាប់នៅកម្ពុជា។

ឯកឧត្តម លី ច័ន្ទតុលា ក៏បានបញ្ជាក់បន្ថែមពីការគាំទ្រនិងត្រៀមខ្លួនរួចរាល់របស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាក្នុងការចូលរួមមហាសន្និបាតលើកទី១៤ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ នាខែតុលា ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី ។

លើសពីនេះទៀតតាមរយៈការអញ្ជើញពី គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានម៉ាឡេស៊ី ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជានឹងចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលក្នុងសិក្ខាសាលាច្បាប់អាស៊ានឆ្នាំ២០២៣ ព្រមទាំងបញ្ជូនក្រុមនិស្សិតច្បាប់ដើម្បីចូលរួមប្រកួតតុលាការប្រឌិតអាស៊ានដែលនឹងប្រព្រឹត្តទៅដំណាលគ្នាជាមួយ មហាសន្និបាតលើកទី១៤របស់សមាគមផងដែរ ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរដោយបើកចំហរនូវទស្សនវិស័យ និងចែករំលែកព័ត៌មានអំពីការឆ្ពោះទៅមុខរបស់សមាគមច្បាប់អាស៊ាន និងស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ក្រោមក្របខណ្ឌរបស់សមាគមច្បាប់អាស៊ាន។ កិច្ចជំនួបខាងលើបានបញ្ចប់ទៅប្រកបដោយមិត្តភាព ជោគជ័យ និងផ្លែផ្ កា៕



អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា