សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថា ហ៊ុន ម៉ាណែត នឹងចាប់ធ្វើនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់សារព័ត៌មានបរទេស ដែលបានចុះផ្សាយ និងអ្នកវិភាគមួយចំនួនដែលតែងតែបន្ដុះបង្អាប់ និងចេះតែវិភាគថា ហ៊ុន ម៉ាណែត នឹងចាប់ធ្វើនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ពេលនោះអ្នកចង់ហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ហៅទៅ អ្នកមិនចង់ហៅទេ ក៏អ្នកនៅក្រៅច្បាប់ទៅ ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចនៅតែនឹកឃើញសំដីរបស់លោកជំទាវ ភឿង សកុណា នៅពេលដែលសម្ដេច បានប្រាប់គាត់អំពីគោលបំណង។ គាត់បាននិយាយពាក្យមួយឃ្លាដែលធ្វើឲ្យសម្ដេចនឹកអាឡោះអាល័យ នោះនៅត្រង់ថា ជួបកូនប្រុស គឺជាការសប្បាយ ប៉ុន្តែបែកពីឪពុក គឺជារឿងលំបាក។

សម្ដេចថា សម្ដេចពិតជាមានការយល់ដឹងអំពីរឿងនេះ ប៉ុន្តែយើងត្រូវតែសម្រេចចិត្ត ដើម្បីនឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលសម្ដេចបានធ្វើជាង ៣៨ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក រៀបចំដំណើរផ្លូវសម្រាប់វែងឆ្ងាយទៅមុខទៀត។

សម្ដេចបន្តថា សារព័ត៌មានបរទេសបានចុះផ្សាយ ហើយអ្នកវិភាគមួយចំនួនដែលតែងតែបន្ដុះបង្អាប់ ក៏ចេះតែវិភាគ ឥឡូវសម្ដេចចេញមកបញ្ជាក់ជាផ្លូវការថា សម្ដេចនឹងចាកចេញមិនធ្វើនាយករដ្ឋមន្ត្រីបន្តទៀតទេ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឲ្យច្បាស់ថា ហ៊ុន ម៉ាណែត នឹងចាប់ធ្វើនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ពេលនោះអ្នកចង់ហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ហៅទៅ អ្នកមិនចង់ហៅទេ ក៏អ្នកនៅក្រៅច្បាប់ទៅ ព្រោះប្រជាជន ៨៤% បោះឆ្នោត បូកជាមួយនឹងជាង ៨២% នៃការគាំទ្រ គឺគ្រប់គ្រាន់ណាស់ទៅហើយ មិនចាំបាច់អ្នកឯងមកគាំទ្រក៏បានដែរ ។

សម្ដេចថា បើអ្នកឯងចង់ជេរ ហ៊ុន ម៉ាណែត កំដរលេងតទៅទៀតចុះ ប្រសិនបើអ្នកឯងចង់ជេរ ប៉ុន្តែអ្វីដែលជាការជឿទុកចិត្តរបស់សម្ដេច គឺប្រជាពលរដ្ឋ នឹងបន្តគាំទ្រ ហ៊ុន ម៉ាណែត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner