ប្រមុខការទូតអាម៉េរិក-ចិន ឆ្លៀតជួបគ្នា ក្នុងពេលចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសថៃ
លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ ចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាការងារជាមួយលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។
ថែ្លងក្នុងកិច្ចជំនួប លោក វ៉ាង យី បានរម្លឹកអំពីកិច្ចជំនួបរវាងលោកប្រធានរដ្ឋចិន ស៊ី ជីនភីង និងលោក ត្រាំ ប្រធានាធិបតីអាម៉េរិកនៅក្រុងអូសាកា កាលពីខែមិថុនាថា បានឈានដល់គំនិតឯកភាពគ្នាលើពហុវិស័យដោយបានចង្អុលបង្ហាញនូវទិសដៅសម្រាប់ទំនាក់ទំនងរវាងចិន និងអាម៉េរិក។
ភាគីទាំងពីរ គួរតែពង្រីកយ៉ាងពេញទំហឹងនូវតួនាទីដឹកនាំជាយុទ្ធសាស្ត្រនៃការទូតរបស់ប្រមុខរដ្ឋចំពោះទំនាក់ទំនងរវាងចិន និងអាម៉េរិក ប្រើប្រាស់យន្តការកិច្ចសន្ទនាកម្រិតខ្ពស់ឱ្យបានល្អ ក៏ដូចជាពង្រឹងការពិគ្រោះពិភាក្សាក្នុងគ្រប់វិស័យ ហើយធ្វើឱ្យចក្ខុវិស័យនៃភាពជាដៃគូកិច្ចសហប្រតិបត្តិការរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរអាចផ្លាស់ប្តូរទៅជាការពិត។
លោក វ៉ាង យី បានចង្អុលបង្ហាញថា លោករដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបញ្ជាក់នាពេលថ្មីៗនេះថា ទោះបីប្រទេសចិន និងសហរដ្ឋអាម៉េរិក មានទស្សនៈតម្លៃខុសគ្នាក៏ដោយ ប៉ុន្តែក៏មានផលប្រយោជន៍រួមដែរ។ ប្រទេសទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាច្រើន។ ភាគីចិនក៏ជឿជាក់ថា ភាគីទាំងពីរអាចពង្រឹងនិងពង្រីកទំនាក់ទំនងនិងស្វែងរកស្ថានភាពឈ្នះ-ឈ្នះរវាងចិន និងសហរដ្ឋអាម៉េរិក ព្រមទាំងស្ថានភាពឈ្នះ-ឈ្នះនៅលើពិភពលោក។ នេះមិនត្រឹមតែស្របនឹងផលប្រយោជន៍របស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាការរំពឹងទុកជាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ។
ជាការឆ្លើយតប លោក Mike Pompeo បានថែ្លងថា លោកត្រាំ ប្រធានាធិបតីអាម៉េរិក និងរដ្ឋាភិបាលអាម៉េរិក គ្មានបំណងរារាំងការអភិវឌ្ឍរបស់ប្រទេសចិននោះទេ ហើយមានឆន្ទៈរួមសហការជាមួយប្រទេសចិនលើវិស័យជាច្រើន។ លោករំពឹងថា កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិននឹងឆ្ពោះទៅមុខដោយរលូន៕ធ.ដ