កម្ពុជាបនុ្តប្រគល់ឆ្អឹងទាហានវៀតណាមដល់រដ្ឋាភិបាលក្រុងហាណូយ (Video Inside)

អដ្ឋិធាតុយុទ្ធជនវៀតណាម ដែលពលីចំនួន១២២បន្ថែមទៀត ត្រូវបានកម្ពុជាប្រគល់ដល់ភាគីវៀតណាម។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ចំណុចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀបព្រំដែនកម្ពុជា-វៀតណាម។ អដ្ឋិធាតុជនពលីនេះ នឹងត្រូវយកទៅបញ្ចុះនៅបូជនីយស្ថានអន្តរស្រុកវិញហ៊ឹង-តឹនហ៊ឹង នៃខេត្តឡុងអាន។

ពិធីប្រគល់អដ្ឋិធាតុនេះ បានអញ្ជើញចូលរួមពីអភិបាលខេត្តស្វាយរៀងលោក ម៉ែន វិបុល និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន លោក ង្វៀន វ៉ាន់អ៊ុក ដែលជាប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន។

អភិបាលរងខេត្តប៉ៃលិន បាត់ដំបង ព្រមទាំងគណៈប្រតិភូ នៃខេត្តដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងឱកាសនោះ។ ការស្វែងរុករកនិងការធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុ កងទ័ពវៀតណាម ដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាម ក្នុងប្រទេសកម្ពុជា គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន, បាត់ដំបង, ស្វាយរៀង ជាមួយខេត្តឡុងអាន។

ភាគីវៀតណាម ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងបានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា សូមបន្តសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការស្វែងរុករកអដ្ឋិធាតុ កងទ័ពវៀតណាមពលីជីវិតនៅទឹកដីកម្ពុជា ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។

យុទ្ធជនវៀតណាមត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិត លើទឹកដីកម្ពុជាក្នុងអតីតកាលសង្គ្រាមកន្លងមក មានដល់ច្រើនម៉ឺននាក់។

ads banner