អង្គការឧតុនិយមពិភពលោក៖ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បានកើនឡើង និងប៉ះពាល់ដល់មនុស្សរាប់សិនលាននាក់នៅអាស៊ី
អន្តរជាតិ៖ អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ រាប់ចាប់តាំងពីគ្រោះរាំងស្ងួតរហូតដល់គ្រោះទឹកជំនន់ទ្រង់ទ្រាយធំ និងផលប៉ះពាល់ផ្សេងទៀតដោយសារការប្រែប្រួលអាកាសធាតុ កំពុងកើនឡើងនៅក្នុងទ្វីបអាស៊ី ហើយនឹងប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ និងប្រព័ន្ធអេកូឡូស៊ីរបស់ទ្វីបនេះ។
WMO បាននិយាយក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែកក្កដា ថា អាស៊ីគឺជាទ្វីបដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយបំផុតរបស់ពិភពលោកដោយទ្វីបនេះ រងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុចំនួន ៨១ លើក កាលពីឆ្នាំមុន ដែលភាគច្រើនជាគ្រោះទឹកជំនន់ និងព្យុះ។
អង្គការដដែលបាននិយាយថា គ្រោះមហន្តរាយទាំងនេះ បានប៉ះពាល់ដោយផ្ទាល់ដល់មនុស្សជាង ៥០ លាននាក់ និងបណ្ដាលឱ្យមនុស្សជាង ៥ ០០០ នាក់បានស្លាប់។ គ្រោះមហន្តរាយដដែល រាប់បញ្ចូលទាំងទឹកជំនន់ធ្ងន់ធ្ងរពីភ្លៀងធ្លាក់មូសុង និងការរលាយទឹកកកក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង ១ ៥០០ នាក់ និងជន់លិចតំបន់ជាច្រើននៃប្រទេស ដោយបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ផ្ទុយទៅវិញ វាក៏រាប់បញ្ជូលផងដែរនូវគ្រោះរាំងស្ងួតហួតហែងនៅប្រទេសចិន ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងបង្កជាកង្វះទឹកប្រើប្រាស់តាមតំបន់រងគ្រោះគ្រោះ។របាយការណ៍របស់ WMO ក៏បានគូសបញ្ជាក់ផងដែរថា ផ្ទាំងទឹកកកភាគច្រើននៅតំបន់ភ្នំខ្ពស់ៗរបស់ទ្វីបអាស៊ី បានបាត់បង់ម៉ាសយ៉ាងធំក្រោមលទ្ធផលនៃអាកាសធាតុក្តៅនិងស្ងួតក្នុងឆ្នាំ២០២២។
លោក Petteri Taalas អគ្គលេខាធិការ WMO បាននិយាយថា៖ «នេះនឹងមានការប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខស្បៀង និងទឹក នាពេលអនាគត ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី»។គួរបញ្ជាក់ថា អ្នកវិភាគព្រមានថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យព្រឹត្តិការណ៍ធាតុអាកាសកាន់តែអាក្រក់ទៅៗ និងញឹកញាប់ជាងមុន ហើយអំពាវនាវឱ្យពិភពលោករួមគ្នា ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដ៏មហន្តរាយនេះ៕
ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព៖ Effects of climate change increasing in Asia, WMO says https://www.channelnewsasia.com/asia/wmo-effects-climate-change-increasing-asia-3658101