ជប៉ុន៖ កូរ៉េខាងជើងគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ខ្លួន ខ្លាំងពុំដែរមាន
តូក្យូ៖ សៀវភៅសរបស់ប្រទេសជប៉ុនបង្ហាញថា កូរ៉េខាងជើង កំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់ខ្លួន ជាងពេលណាៗទាំងអស់។
ជប៉ុន នៅថ្ងៃសុក្រ សប្តាហ៍នេះ បាននិយាយថា កូរ៉េខាងជើងបាន និងកំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់សន្តិសុខជាតិរបស់ខ្លួន ខ្លាំងជាងពេលណាៗ ទាំងអស់ ខណៈទីក្រុងព្យុងយ៉ាង បានបង្កើនការធ្វើតេស្ដមីស៊ីល និងវោហាសាស្ត្រសង្គ្រាម។
នៅក្នុង «សៀវភៅស» ប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការពារជាតិជប៉ុនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើនកញ្ចប់ថវិកាយោធា ក្នុងបរិបទដែលពិភពលោក បានឈានចូលយុគសម័យថ្មីមួយនៃវិបត្តិ។
សៀវសនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពយោធារបស់កូរ៉េខាងជើង បាន និងកំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរ និងបន្ទាន់បំផុតជាងពេលណា ៗទាំងអស់ ដល់សន្តិសុខជាតិជប៉ុន…កូរ៉េខាងជើងមានសមត្ថភាពវាយប្រហារលើជប៉ុន ដោយប្រើមីស៊ីលបាលិស្ទីគបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា «សៀវភៅស» ខាងលើដែលទើបត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនៃនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បានកើតមានឡើង ចំពេលកូរ៉េខាងជើងកំពុងបង្កើនការធ្វើតេស្ដមីស៊ីលកាន់តែញឹកញាប់ឡើង។
គួររម្លឹកដែរថា កាលពីចុងឆ្នាំ២០២២ រដ្ឋាភិបាលលោក គីស៊ីដា បានអនុម័តលើផែនការបង្កើន កញ្ចប់ថវិកាយោធាដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



