សម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំកម្រិតនយោបាយទាំងអស់ នឹងត្រូវបញ្ចប់មុខតំណែង នៅថ្ងៃទី២២ ខែសីហា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលថ្មីនឹងធ្វើការរក្សាទុកនូវមុខតំណែងរាល់មន្រ្តីក្នុងគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបានតែងតាំងរួចមកហើយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាលអ្វីក៏ដោយ ដោយប្រែប្រួលតែតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ។

យោងតាមសារ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលះបង់របស់សម្តេចយ៉ាងធំធេងដោយមិនបន្តធ្វើជានាយករដ្ឋមន្រ្តីទៀតនោះ គឺដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថាប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចពីកាលអតីតកាលនោះឡើយ ។

សម្តេចតេជោបានបន្តថា ការចាកចេញរបស់សម្តេច ជាមួយនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានប្រជាពលរដ្ឋគាំទ្របោះឆ្នោតជូនជាង ៨២ភាគរយ ដែលជាសន្លឹកឆ្នោតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំ២០២២កន្លងទៅមានត្រឹមជាង ៧០ភាគរយ ។

សម្តេចតេជោបានប្រកាសថ្លែងអំណរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើចំពោះការសម្រេចចិត្តរបស់សម្តេច ដោយសម្តេចចាត់ទុកថា នេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ ដោយគេអាចនឹងធ្វើកិច្ចការរបស់គេបានប្រសើរជាង ។

សម្តេចតេជោ បានបញ្ជាក់ថា មន្រ្តីមុខងារសាធារណៈនឹងមិនត្រូវប៉ះពាល់នោះឡើយ ដូចជាអគ្គនាយក អគ្គនាយករង អនុប្រធាននាយកដ្ឋាន អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលខណ្ឌ និងអភិបាលរងស្រុក និងខណ្ឌ ទាហាន នគរបាល និងកងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់ នឹងត្រូវរក្សាមុខតំណែងរបស់ពួកគេនៅដដែល បើទោះបីជា មានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុខងារនយោបាយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនានាគឺនៅតែបន្តធ្វើការដដែលលើកលែងតែសាមីខ្លួនចង់ឈប់ដោយខ្លួនឯង ដោយសារតែអាយុ ឬមានជំងឺ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការផង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង ត្រូវសម្រេចជ្រើសរើសយកមុខតំណែងតែមួយប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្នាក់ដឹកនាំកម្រិតនយោបាយទាំងអស់នឹងត្រូវបញ្ចប់មុខតំណែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវរៀបចំតែងតាំងសារជាថ្មី ។

សម្តេចតេជោ បានបញ្ជាក់ថា អគ្គនាយកគយ និងពន្ធដារ នឹងត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដដែល បន្ថែមលើមុខងារដែលមានស្រាប់ ព្រោះស្ថាប័នពីរនេះ ត្រូវធ្វើការផ្ទាល់ជាមួយរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីផង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner