កីឡាករប្រដាល់គុនខ្មែរជើងចាស់ បង្ហើបថា ល្បីមួយប្រាវដោះរួចអស់បំណុលជំពាក់ធនាគារ និងសល់លុយសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនថែមទៀតផង

(ភ្នំពេញ)៖ ដូចដែលអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរបានដឹងច្បាស់ហើយថា កីឡាករជើងចាស់ ព្រុំ សំណាង កាលពីអំឡុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ បន្ទាប់ពីចែកផ្លូវជាមួយក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ជីវភាពធ្លាក់ចុះដល់កម្រិតសូន្យនិងមានជាប់នៅបំណុលធនាគារថែមទៀតផង។ ទាំងអស់នេះ ដោយសារតែព្រុំ សំណាងពុំមានទីផ្សារប្រកួត ដោយសារក្នុងអំឡុងពេលនោះ ប្រទេសជួបវិបត្តិជំងឺកូវីដ១៩ ពុំមានគូប្រកួតអន្តរជាតិ ដើម្បីប្រកួត ខណៈគូប្រជែងក្នុងស្រុកមិនមានគូប្រជែងឡើយ។

បន្ទាប់ពីមើលឃើញកីឡាករជើងចាស់ ដែលមានប្រភពចេញពីខេត្ត កំពង់ស្ពឺរូបនេះ មានជីវភាពលំបាកខ្លាំង ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានស្នើសុំក្រសួងអប់រំយុវជននិងកីឡា ដាក់ព្រុំ សំណាង ជាកីឡាករជម្រើសជាតិគុនខ្មែរ ទម្ងាន់៨១គីឡូក្រាមហ្វឹកហាត់ចូលរួមការប្រកួតនៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២។ ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅវៀតណាម ជីវភាពរបស់គេក៏នូវតែប្រឈម ខណៈប្រាក់ខែជម្រើសជាតិយកមកដោះបំណុលធនាគារ និងផ្គត់ផ្គង់ដល់គ្រួសារ ដែលមានកូនប្រុសនៅក្នុងបន្ទុក៣នាក់។ បន្ទាប់ពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ទីផ្សារប្រកួតអន្តរជាតិបានបើកឡើងវិញ ធ្វើឲ្យកីឡាករជើងចាស់ ព្រុំ សំណាង អាចប្រើប្រាស់សមត្ថភាពឡើងសង្វៀនជួបជើងខ្លាំងអន្តរជាតិយ៉ាងហោចណាស់១ខែ២ប្រកួត ដែលអាចរកចំណូលពីរពាន់ទៅ៣ពាន់ដុល្លារ ហើយពេលខ្លះប្រកួតដណ្តើមខ្សែក្រវ៉ាត់តម្លៃខ្លួនអាចឡើង ដល់៧ពាន់ដុល្លារថែមទៀតផង។

ព្រុំ សំណាង បានបង្ហើបថា មកដល់ខែ កក្តដានេះ គេមានជីវភាពល្អប្រសើរ បំណុលធនាគារក៏បានដោះរួច សល់ថវិកាខ្លះៗគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ ជួយដល់ការសិក្សារបស់កូនៗ និងសល់គោជិត១០ក្បាល ពិសេស អាចទប់ទល់ ការបើកមុខរបរជាងកាត់សក់ ត្រូវចំណាយលើថ្លៃជាង ដែលមួយខែខាត់យ៉ាងតិច៣០០ដល្លារថែមទៀតផង។ កីឡាករជើងចាស់ព្រុំ សំណាង បន្ទាប់ពីបញ្ចប់ការប្រមូលផ្តុំជម្រើសជាតិ ក្រោយពីបំពេញភារៈកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រជែងដណ្តើមបានមេដាយមាស ព្រុំ សំណាងកំពុងរួមរស់ជាមួយក្លិបប្រដាល់មហិទ្ធិឬទ្ធមេសរថ្ងក គុនខ្មែរ ដែលជាក្លិបប្រដាល់គុនខ្មែរទើបតែបង្កើត ក្រោមចំណុះមជ្ឈមណ្ឌលកីឡាកងយោធពលខេមរៈភូមិន្ទ។ ព្រុំ សំណាង អះអាងថា រូបគេនិងពង្រឹងសមត្ថភាពឲ្យខ្លាំងជាងនេះទៀត ដើម្បីបន្តអាជីពប្រដាល់មួយនេះឲ្យបាន៤ទៅ៥ឆ្នាំទើបសម្រេចចិត្តចូលនិវត្តន៍ ដោយផ្តល់ឱកាសឲ្យកូនប្រុសច្បងបន្តវេន និងទ្រទ្រុងជីវភាពគ្រួសារជំនួសវិញ។

គួររំលឹកថា កីឡាករគុនខ្មែរជើងចាស់ ព្រុំ សំណាង មួយរយៈកំពុងសាងភាពល្បីល្បាញ់ក្នុងអាជីពគុនខ្មែរនេះ គេរកបានផ្ទះមួយល្វែង រថយន្តមួយគ្រឿង គោជិត១០ក្បាល និងថវិកាមួយចំនួន។

កីឡាករ ព្រុំ សំណាង បច្ចុប្បន្នមានអាយុ៣៨ឆ្នាំ មានស្រុក កំណើត ភូមិ ក្រាំងក្រួច ឃុំ ក្រាំងដេវ៉ាយ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ និងមានកូនប្រុស៣នាក់ កូនទី១កំពុងប្រកដអាជីពប្រដាល់គុនខ្មែរ កូនប្រុសទី២ និងកូនទី៣ កំពុងរៀន៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner