សមយុទ្ធយោធាអូស្ត្រាលី-អាមេរិកបានផ្អាក ក្រោយការធ្លាក់យន្តហោះ

កង់បេរ៉ា៖ អូស្ត្រាលីបានផ្អាកសមយុទ្ធយោធាដ៏ធំមួយ ជាមួយសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ទី២៩ ខែកក្កដា បន្ទាប់ពីឧទ្ធម្ភាគចក្រការពារជាតិដែលចូលរួមក្នុងសមយុទ្ធនោះបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បណ្តាលឲ្យមនុស្ស៤នាក់បាត់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថាឧទ្ធម្ភាគចក្រ MRH-90 Taipan បានធ្លាក់កាលពីយប់ថ្ងៃសុក្រម្សិលមិញ នៅតំបន់ដែនទឹក ក្បែរកោះ Hamilton នៃរដ្ឋ Queensland។ ឧទ្ធម្ភាគចក្រនេះត្រូវបានគេរាយការណ៍ថាបាន និងកំពុងចូលរួម ក្នុងការធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំមួយដែលមានយោធា ៣០,០០០នាក់មកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្ដាប្រទេសមួយចំនួនទៀតចូលរួម។

បើតាមលោក Marles ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះបានចំណាយពេលពេញមួយយប់ ហើយនឹងបន្តនៅថ្ងៃសោរ៍នេះ ដើម្បីស្វែងរកមនុស្ស៤នាក់ ដែលបានបាត់ខ្លួន ក្រោយការធ្លាក់ឧទ្ធម្ភាគចក្រនេះ។ ចំណែក ទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានឱ្យដឹងដែរថាអ្នកទាំង៤នាក់គឺជាជនជាតិអូស្ត្រាលី។

គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើ ក៏មានការចូលរួមផងដែរពីប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ហើយមកទល់នឹងពេលនេះមិនទាន់ មានការបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យឧទ្ធម្ភាគចក្រនោះធ្លាក់នៅឡើយទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner